(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខសន្ដិភាព និងបន្ដការអភិវឌ្ឍប្រទេសជាតិ។

ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍​អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ឧបដ្ឋានសាលា​វត្ត​ជ្រៃ​ធំ​ ស្ថិត​នៅ​ភូមិ​ដងក្តារ​ ឃុំ​ជ្រៃ​ធំ​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ដែល​មាន​ទំហំ​៣០​ម៉ែត្រ​គុណ​១៨​ម៉ែត្រ​។​

​បើតាមនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន, ​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ ទី​វត្ត​អារាម​ព្រះពុទ្ធ​សាសនា ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ ឬ​យក​ធ្វើ​ជា​ឃ្លាំង​ និង​ទីកន្លែង​ចិញ្ចឹមសត្វ​។​ សិទ្ធិ​សេរីភាព​ ជំនឿ​សាសនា​ ទំនៀមទំលាប់​ប្រៃ​ណី​ ហេដ្ឋារចនាសម្ព័ន្ធ​ មន្ទីរពេទ្យ​ សាលារៀន​ និង​សំណង់​អគារ​ទាំងឡាយ​ត្រូវ​បាន​បំផ្លាញ​ចោល​ទាំងស្រុង ​និង​បាន​ធ្វើ​ឲ្យ​ចាត់​បង់ជីវិត​ប្រជាជន​ ជាង​៣​លាន​នាក់​ ព្រមទាំង​បង្ក​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវចិត្ត​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជា​ច្រើន​លាន​នាក់​។​

ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​៣៩​ឆ្នាំ​កន្លង​មកនេះ​ ដែល​ផ្តើម​ចេញពី​កម្លាំង​សាមគ្គី​មហា​ជ័យជម្នះ​ ៧​មក​រា​ ១៩៧៩​ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ មាន​មានកា​រីក​ចម្រើន​ជា​លំដាប់​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​ វត្ត​នៅ​ទូ​ទាំង​ប្រទេស​៤៩២៥​វត្ត​ និង​ព្រះសង្ឃ​៦៦០៥៦​អង្គ​ ចំណែក​ស្រុក​រមាស​ហែក​ មាន​វត្ត​៥២​វត្ត​ និង​ព្រះសង្ឃ​ចំនួន​២១៣៤​អង្គ​ ចំពោះ​ឃុំ​ជ្រៃ​ធំ​មាន​វត្ត​ចំនួន​៣​វត្ត​ និង​មាន​ព្រះសង្ឃ​ចំនួន​២១​អង្គ​ ដែល​មាន​ប្រជា​ពុទ្ធបរិស័ទ ​គោរព​ប្រតិបត្តិ​យ៉ាងច្រើន​កុះករ​ តាម​គន្លង​ព្រះពុទ្ធ​សាសនា​។​

នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន បានគូសបញ្ជាក់ថា ​​ប្រទេស​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​​របស់​ សម្តេច​​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ គឺ​ពោរពេញ​ដោយ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​។​ សន្តិភាព​ដែល​កម្ពុជា​ មាន​បច្ចុប្បន្ន ​គឺ​កើត​ចេញពី​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ ដែល​បាន​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ​ និង​យោធា​ខ្មែរក្រហម​ ហើយ​នាំ​មក​នូវ​សន្តិភាព​ជូន​កម្ពុជា​នៅ​ចុងឆ្នាំ​១៩៩៨​។​ ក្នុង​តម្លៃ​ណា​ក៏​ដោយ​ កម្ពុជា​ត្រូវ​ការពារឲ្យ​បាន​រឹង​មាំ​នូវ​សន្តិភាព​ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​និង​នាំ​មក​នូវ​សុខដុមរមនា​ ភាព​សម្បូរ​រុងរឿង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​និច្ច​និរន្តរ៍​ ​និងប្រឆាំង​ដាច់ខាត​ចំពោះ​ក្រុម​ជ្រុលនិយម​ ឬ​ជន​ក្បត់ជាតិ ​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​។​

​ក្រោម​ម្លប់​សន្តិភាព​ វិស័យ​ពុទ្ធសាសនា​ត្រូវ​បាន​រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់​ និង​លើកកម្ពស់​ជាប់​ជា​ប្រចាំ​ ដែល​ធ្វើ​ឲ្យ​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។​ ការ​រីក​ចម្រើន​ផ្នែក​ពុទ្ធចក្រ​ បាន​រួមចំណែក​ក្នុង​ការ​បង្កើន​ធនធានមនុស្ស​ សម្រាប់​បម្រើ​ឲ្យ​ផ្នែក​អាណាចក្រ​ពីព្រោះ​ថា​ វត្ត​អារាម​ គឺជា​មជ្ឈមណ្ឌល​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​​ឲ្យ​មានចំណេះ​ដឹង​ ទាំង​ផ្នែក​អក្ស​សាស្ត្រ​ និង​ជំនាញ​ផ្សេងៗ​ ទាំង​ផ្លូវលោក​ និង​ផ្លូវធម៌​។​ វត្ត​អារាម ​គឺជា​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​របស់​សិស្ស​-​និស្សិត​ សិក្សា​រៀនសូត្រ​ ជាទី​ជម្រក​សម្រាប់​ចាស់ជរា​ កុមារ​កំព្រា​គ្មាន​ទីពឹង​ និង​ជា​កន្លែង​សម្រាប់​អប់រំ​ ទូន្មាន​ ប្រៀនប្រដៅ​ និង​ពត់ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​។​ ព្រះពុទ្ធ​សាសនា​ជា​ឃ្លាំង​ផ្តល់​នូវ​ពុទ្ធិ​ ថែរក្សា​គម្ពីរ​ អក្សរសាស្ត្រ​ វប្បធម៌​ អរិយធម៌​ ប្រពៃណី​ និង​ថែរក្សា​ព្រលឹង​ខ្មែរ​តាំងពី​បុរាណ​មក​ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​ និង​រីក​ចម្រើន​។​

​នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ល្បែង​អបាយមុខ​គ្រប់យ៉ាង​ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ និង​ត្រូវ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ នា​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​ ដោយ​បន្ត​បោះ​ឆ្នោត​ជូន​មេដឹកនាំ​ជាតិ ដែល​មាន​សមត្ថភាព ​និង​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ការពារ​សន្តិភាព ​និង​អធិបតេយ្យ​ជាតិ​​៕​