(តាកែវ)៖ អំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលមានសៀវភៅ ប៊ិច សម្លៀកបំពាក់ ស្បែកជើង​ ភេសជ្ជៈ គ្រឿងបរិភោគ និងថវិកា​៥លានរៀល ត្រូវបានប្រគល់ជូន មណ្ឌលកុមាកំព្រាអង្គការសឿន​ ដែលស្ថិតក្នុងភូមិធម្មវិន័យ​ ឃុំស្នោ​ ស្រុកព្រៃកប្បា​​ស​ ខេត្តតាកែវ។​

ពិធីនេះ បានធ្វើឡើងនៅ​​ព្រឹកថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៨នេះ​ ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋានស្រុកព្រៃកប្បាស សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស និងផ្នែកពាក់ព័ន្ធនានា ផងដែរ។​

លោក​ អ៊ួន សឿន​ ស្ថាបនិក​​មណ្ឌលកុមារកំព្រាអង្គការសឿន​ លោក ញ៉ែម ស្រស់ អភិបាល​ស្រុកព្រៃកប្បាស បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ​ និងការស់នៅរបស់បុគ្គលិក នៅក្នុងអង្គការនេះ​។

លោក​ មែ​ ស៊ីថន​ តំណាង​លោក ហ៊ុន​ ម៉ាណែត​ បានលើកឡើងអំពីការលះបង់ និងក្តីស្រលាញ់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែមាន និងបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ​ និងការស់នៅរបស់​ក្មួយៗ ជាកុមារកំព្រា នៅតាមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្មួយៗកូនៗកុមារកំព្រាក្រីក្រទាំងអស់។

លោកបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសឲ្យយើង អាចធ្វើអ្វីៗគ្រប់បែបយ៉ាង ​ដើម្បីរួមគ្នាជួយដល់សង្គមជាតិ និងការអភិវឌ្ឍភូមិភូមិយើង។ លោកបានសំណូមពរឲ្យ​ក្មួយៗទាំងអស់ ខិតខំរៀនសូត្រ​ និងស្តាប់លោកគ្រូអ្នកគ្រូ ដើម្បីអនាគត​កាន់តែល្អប្រសើ​រ។​

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព ដែលមានដូចពេលបច្ចុប្បន្នឲ្យបានគង់វង្សយូរអង្វែង តាមរយៈការបោះឆ្នោត​ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ​ខាងមុខ ដើម្បីបន្តការអភិវឌ្ឍ​ និងបន្តរក្សាភាពសុខសាន្ត។

លោក មែ ស៊ីថន ជំនួសមុខជូន លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុនី្ន បានថ្លែងអំណរគុណ លោក អ៊ួន សឿន និងភរិយា ព្រមទាំងសប្បុរសជនទាំងអស់ នៅសហរដ្ឋអាមេរិក និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលតែងតែជួយឧបត្ថម្ភគាំពារ ដល់មណ្ឌលកុមារកំព្រាអង្គការសឿន ដែលជាការជួយដល់ការលូតលាស់ និងភាពកក់ក្តៅដល់កុមារទាំងអស់ក្នុងមណ្ឌលនេះ។

នៅចុងក្រោយនៃពិធីនេះ ក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃកប្បាស បានចូលរួមពិសារនុំបញ្ចុក ជាមួយ​កុមារកំព្រា​ និងប្រជាពលរដ្ឋ​ ប្រកបដោយភាពសប្បាយរីករាយ ស្និទ្ធស្នាល និងការប្តេជ្ញាចិត្តរបស់ពលរដ្ឋមានឈ្មោះបោះឆ្នោតទាំងអស់ ដែលប្តេជ្ញាទៅបោះឆ្នោតគ្រាប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ៕