(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានលើកឡើងថា មនុស្ស ផ្លូវ ទឹក ភ្លើង ជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ក្នុងន័យជួយសម្រួលដល់ ការអភិវឌ្ឍដល់មូលដ្ឋាន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រីចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រុងស្វាយរៀង និងស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោកស្រី ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល។ លោកស្រី បានបន្តទៀតថា ក្នុងរយៈពេល៣៩ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ការពារប្រទេស កសាងប្រទេសជាតិឡើងវិញពីលេខសូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។

ជាចុងក្រោយ លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលនូវចំណុចសំខាន់ចំនួន៣ រួមមាន៖

១៖ មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និងបាតុកម្ម នៅក្នុងរោងចក្រនោះទេ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅក្នុងមូលដ្ឋាន។

២៖ ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ថែរក្សស្ថិរភាពនយោបាយ ថែរក្សាការពារនូវសមិទ្ធិផលដែលបាន ពីការខិតខំរបស់រាជរដ្ឋភិបាល និងត្រូវខិតខំដោះស្រាយនូវការលំបាក និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

៣៖ ត្រូវបង្កើនចលនាដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខឲ្យបានគ្រប់គ្នាៗ និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕