(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ​លោក ឃ្លាំង រ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានបើកប្រតិបត្តិការចុះបង្ក្រាប រថយន្ដសាំងយ៉ុងដឹកឈើអា ប្រភេទលេខ១ ​ចំនួនមួយគ្រឿង នៅពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចភូមិ​ព្រែកតាអាំ ឃុំបុសលាវ ស្រុក​ចិត្របុរី ខេត្តក្រចេះ។

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កន្ទួត បានឲ្យដឹងថា កម្លាំងចម្រុះ​ដែលចុះបង្គ្រាបរថយន្ដមួយគ្រឿងនោះ រួមមាន សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត, កម្លាំងនគរបាល និងកម្លាំងយោធា សឹករងខេត្ត បានសហការបង្ក្រាបរថយន្ដមួយគ្រឿងនោះ តែមិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្តនោះទេ ព្រោះអ្នកបើកបររថយន្ដនោះបានរត់គេចខ្លួន។

មន្រ្តីរូបនោះបន្តទៀតថា ឈើទាំងនោះ​ជាប្រភេទឈើអា ធ្លីក (សរសរ) ចំនួន១៥ដើម ស្មើ​ជិត២ម៉ែត្រគូប។ បច្ចុប្បន្នរថយន្ដ និងឈើត្រូវកម្លាំងរដ្ឋបាលព្រៃឈើ នាំយកទៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាសវែង ចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕