(កោះកុង)៖ លោក ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិ ​ចុះជួយ​ខេត្តកោះកុង នៅថ្ងៃនេះ បានអំពាវនាវដល់សមាជិក សមាជិកា ​គណបក្សប្រជាជន និងប្រជាពលរដ្ឋទាំងអស់ ឲ្យទៅចូលរួមបោះឆ្នោតនៅខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីអភិវឌ្ឍប្រទេស រក្សាសុខសន្តិភាព សេរីភាព។ ជាមួយគ្នានេះ លោកស្នើកុំជឿលើការញុះញង់ របស់ក្រុមក្បត់ជាតិផងដែរ។

លោក ទៀ​ វិញ បានថ្លែងបែបនេះ ​នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ។ កម្មវិធីនេះ មានការចូលរួមពី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៤៨០នាក់ និងសិស្ស៤៥០នាក់ផងដែរ។

លោក ទៀ វិញ បានបញ្ជាក់ថា ប្រទេសកម្ពុជាធ្វើដំណើរទៅមុខ ជាមួួយភាពរីកចម្រើនគ្រប់វិស័យ។ ប្រទេសកម្ពុជា មានសន្តិភាព សេរីភាពរាល់ថ្ងៃ គឺដោយសារគុណបំណាច់ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ​​ប្រទេស ហើយសម្តេច​តែងតែនៅជាមួយ​ប្រជាពលរដ្ឋជានិច្ច មិនដែលរត់ចោល​ឡើយ។

លោកបានបន្ថែមថា ដូច​ប្រជាពលរដ្ឋដឹងស្រាប់ហើយថា គណបក្សប្រជាជនកម្ពុជា នៅជាប់នឹងខ្លួន​ប្រជាពលរដ្ឋជានិច្ច ឲ្យតែពលរដ្ឋណា មានបញ្ហាអ្វីមួយបានកើតឡើង គណបក្សប្រជាជនកម្ពុជា មកដល់ភ្លាមៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុ​រ​ និន្នាការនយោបាយណាមួយឡើយ។

លោកបានបន្ថែមទៀតថា ​ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋា​រចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញ អស់ក្នុងរបប ប៉ុល ពត តែ​ក្នុងរយៈពេល​៣៩ឆ្នាំ ក​ន្លងមកនេះ ក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើន​ទាំង​ក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពាដាច់ខាតកុំឲ្យ កើតមានសង្គ្រាម។​

លោកក៏បានផ្តាំផ្ញើ​ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈឲ្យបានរហ័សនៅក្នុងមូលដ្ឋាន ហើយត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋ​ឲ្យមានជីវភាពធូរធា​។​

នៅឱកាសនោះ លោក ទៀ វិញ ក៏បាន​នាំអំណោយរបស់ សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាន អង្ករ សារ៉ុង ក្រមា និងថវិកាមួយចំនួន មកផ្តល់ជូនប្រជាពលរដ្ឋចំនួន៤៨០នាក់ សិស្ស៤៥០នាក់ លោកគ្រូអ្នកគ្រូ២៣នាក់ លោកគ្រូពេទ្យ៦នាក់ ផងដែរ៕