(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ​ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសំណេះសំណាល ជាមួយអ្នកគាំទ្រ ជាង៣ពាន់នាក់ នៅខេត្តកំពង់ចាម ដែលជាមណ្ឌលរបស់ព្រះអង្គឈរឈ្មោះជាតំណាងរាស្រ្ត។

ការយាងចុះសំណេះសំណាលជាមួយអ្នកគាំទ្រនេះ បានធ្វើឡើងស្របពេលដែល ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ជិតឈានចូលមកដល់។ អំឡុងយាងជួបសំណេះសំណាល កន្លងមកនោះ សម្តេចក្រុមព្រះ បានបង្ហាញសារនយោបាយរបស់ គណបក្សហ្វ៊ុនស៊ិនប៉ិច ទៅកាន់ប្រជាពលរដ្ឋ ដើម្បីស្វែងរកប្រជាប្រិយភាពជូនគណបក្សផងដែរ។

សូមបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅទូទាំង២៥ រាជធានី/ខេត្ត នៅទូទាំងប្រទេស ខណៈដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី១៣ សម្រាប់ការបោះឆ្នោតនាថ្ងៃទីអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕