(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ រំលឹកដល់អ្នកគាំទ្រឱ្យចងចាំលេខរៀងទី២០ ដែលជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នាចុងខែកក្កដា ខាងមុខ។ ជាមួយនេះគ្នា សម្តេចបានចាត់ទុកថា លេខរៀងទី២០ គឺជាលេខរៀងធំជាងគេបង្អស់ ហើយឈ្នះគេផងដែរ។

សម្តេចតេជោ ហ៊ុន សែន​ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ គឺជាលេខធំ ជាងគេទាំងអស់ (ឈ្នះគេ) ហើយស្រួលចំណាំ, ស្រួលគិត, និងស្រួលគូស។ លេខរៀងទី២០ នេះក៏ជាលេខតំណាងអោយខួបលើកទី២០ នៃសន្តិភាពពេញលេញដែលកម្ពុជាបានទទួលក្រោមនយោបាយឈ្នះ-ឈ្នះ (១៩៩៨-២០១៨)។ លេខរៀងទី ២០ គឺពិតជាបង្ហាញនូវលាភជ័យនៃឆន្ទៈពិតប្រាកដជាប្រវត្តិសាស្រ្ត របស់ប្រជាពលរដ្ឋដែលបានជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍជាធំសម្រាប់ប្រទេសជាតិយើងទាំងមូល»

សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា «យើងចងចាំលេខរៀងទី២០ ហើយចូលរួមបោះឆ្នោតជូន “គណបក្សប្រជាជន” ដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ ទាំងអស់គ្នា! ជូនពរបងប្អូនជនរួមជនរួមជាតិ និងកូនក្មួយយុវជនសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ»

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង៕