(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាប់ខ្លួន​អ្នកទៅរកជក់គ្រឿងញៀន និងអ្នកទិញសរុប៣នាក់ រួមទាំងដកហូតថ្នាំញៀន ១២កញ្ចប់តូចផងដែរ។

ជនសង្ស័យទាំង៣នាក់ ឃាត់ខ្លួនបាន​ទី១៖ ឈ្មោះ ជីន​ នឿន អាយុ២១ឆ្នាំ មុខរបរ​លក់ថ្នាំញៀន ស្នាក់នៅ​កន្លែងកើតហេតុ មានស្រុកកំណើត ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាម្ចាស់ថ្នាំញៀន១២កញ្ចប់, ទី២៖ឈ្មោះ វល្លិ ភារម្យ ​អាយុ២១ឆ្នាំ មុខរបរ​កម្មករសំណង់ មានទីលំនៅ ភូមិព្រៃពពេល ឃុំព្រៃពួច ស្រុក​អង្គស្នួល និងទី​៣៖​ឈ្មោះ ស៊ឹម សុភ័ក្រ ​អាយុ៣៤ឆ្នាំ មុខរបរ​កម្មករសំណង់ មានទីលំនៅ​ភូមិព្រៃពពេល ឃុំព្រៃពួច ស្រុកអង្គស្នួល។

តាមសម្តីជនសង្ស័យ ឈ្មោះ វល្លិ ភារម្យ និងឈ្មោះ ស៊ឹម សុភ័ក្រ បានឲ្យដឹងថា មុនកើតហេតុ​ពួកគេទាំង២នាក់ នាំគ្នា​មកចំណុចខាងលើ ដើម្បីរកទិញថ្នាំញៀនជក់ ព្រោះកន្លងមក​ឲ្យតែពួកគេចង់ជក់គ្រឿងញៀន តែងតែមកចំណុចភូមិថ្មគោល​ខាងលើ ជក់ហើយបានទៅធ្វើការងារវិញ តែនៅព្រឹក​នេះ ទើបមកដល់​មិនទាន់បានជក់មួយខ្សឺតផង ស្រាប់តែនគរបាលមកទាន់​ចាប់ឃាត់ខ្លួនបានតែម្តង​។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីចាប់ខ្លួនជនសង្ស័យ២នាក់ខាងលើបាន ឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ទៀត មានមុខរបរជាអ្នកលក់ថ្នាំញៀន ដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់តូច​។ ក្រោយពីឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ​ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ៕