(កណ្ដាល)៖ លោក ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ធ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០១៨ បានអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយការងារ សមាគមមនុស្សចាស់ នៅមូលដ្ឋានឃុំក្អមសំណ​រ​ ស្រុកលើកដែក​ ខេត្តកណ្ដាល សរុបជាង៣៥០នាក់។

ថ្លែងនៅឱកាសនោះ លោក ហេង រតនា បានលើកឡើងថា «យើងមានមោទនភាពណាស់ ចំពោះសមាគមមនុស្សចាស់ ឃុំក្អមសំណរ ដែលចាប់ផ្តើមជាមួយសមាជិកតែ១១០គ្រួសារ ក្នុងឆ្នាំ២០១៤​ ហើយក្នុងឆ្នាំ២០១៨ មានសមាជិកជាង១,៣០០គ្រួសារ​ ជាមួយថវិកា សមាគមកាន់តែរឹងមាំថែមទៀត»

ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក ខេត្តកណ្តាល រូបនេះ បានបន្ថែមទៀតថា នេះជាការវិវត្តន៍ផ្លាស់ប្តូរ ប្រកបដោយក្តីសង្ឃឹម និងសាមគ្គីភាពផ្ទៃយ៉ាងរឹងមាំ រួមជាមួយរាជរដ្ឋាភិបាល ក្នុងជួយដល់ក្រុមងាយរងគ្រោះ និងអ្នកក្រីក្រ។

លោក ហេង រតនា សូមអបអរសាទរ​ លទ្ធផលដ៍ល្អប្រសើ របស់សមាគម​មនុស្សចាស់ក្នុងឆ្នាំកន្លងមក និងទិសដៅបន្តសំរាប់ឆ្នាំ២០១៨​-២០១៩។ ជាពិសេសសូមចូលរួមអប់រំកូនចៅ ឲ្យបានទៅបោះឆ្នោត គ្រប់ៗគ្នា​ ស្របតាមកាត្វកិច្ចជាពលរដ្ឋល្អ។

ដោយឡែកនារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ លោក ហេង រតនា ក៏បានចុះសំណេះសំណាល មួយសមាជិក-សមាជិកា របស់គណបក្សប្រជាជន នៅក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែកចំនួន២០៧នាក់ និងបានចែកប័ណ្ណគណបក្សជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក ហេង រតនា ក៏ចុះទៅពិនិត្យមើលការឈូសឆាយជួសជុលផ្លូវប្រវែងជាង៣គីឡូម៉ែត្រ ក្នុងភូមិដែលពីមុនប្រជាពលរដ្ឋពិបាកធ្វើដំណើរ៕