(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំនូវពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ដល់សិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី «ការ បង្កើនសមត្ថភាពដល់មន្ត្រី អនុវត្តថវិកាតាមកម្មវិធី លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណូល មិនមែនសារពើពន្ធ លទ្ធភាពសាធារណៈ និងកិច្ចបញ្ជីការរេជ្ជទេយ្យបុរេប្រទាន» ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ទី១០ រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នេះ។

លោក សឺន សូថា អគ្គនាយកកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ក្នុងរបាយការណ៍ថា​ វគ្គសិក្សានេះ បានដំណើរការរយៈពេល ពីរថ្ងៃ គឺថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការចូលរួម ពីមន្ត្រីថ្នាក់រដ្ឋបាលកណ្តាល និងមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ទាំង ២៥ រាជធានី ខេត្ត សរុបចំនួន ១៦៥ នាក់។

ក្នុងនាមសិក្ខាកាមទាំងអស់ លោកអគ្គនាយក សូមសម្តែងនូវទឹកចិត្តរីករាយ និងថ្លែអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជាដរាបមកតែងបង្កលក្ខណៈ និងផ្តល់ឱកាសឲ្យមន្ត្រីក្រោមឱវាទក្រសួង បានសិក្សារៀនសូត្រ នូវមុខជំនាញជាច្រើន ទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែងមុខជំនាញនាថ្ងៃនេះ គឺជាការផ្តល់នូវពុទ្ធិថ្មីៗ និងបទពិសោធន៍បន្ថែមទៀត សម្រាប់ពង្រឹងសមត្ថភាព ដល់មន្ត្រីយកទៅអនុវត្ត តាមអង្គភាពនីមួយៗ​។

ថ្លែងនាឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយ និងអបអរសាទរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ វគ្គសិក្សារបស់ខ្លួន ប្រកបដោយជោគជ័យ។ ចំណេះដឹងនេះ អនុវត្តស្របតាមផែនការ សកម្មភាពការងារដំណាក់កាលទី៣ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាផែនការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅបង្កើនសមត្ថភាពដល់មន្ត្រី ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអនុវត្តថវិកាកម្មវិធី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ កិច្ចលទ្ធកម្មសាធារណៈ ព្រមទាំងកិច្ចបញ្ជិការរេជ្ជទេយ្យបុរេប្រទាន។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថា​ មន្ត្រីទាំងអស់នឹងយកចំណេះដឹងនេះ មកអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព បន្ថែមទៀត៕