(កោះកុង)៖ នាយឧត្តមនាវី ទៀ វិញ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង បានអំពាវនាវដល់សមាជិកសមាជិកា បក្សទាំងអស់ត្រូវធ្វើការណែនាំដល់បងប្អូន កូនចៅទាំងអស់អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បីអភិវឌ្ឍន៍ប្រទេស សុខសន្តិភាព សេរីភាព និងកុំជឿលើការញុះញង់របស់ក្រុមក្បត់ជាតិ។

នាយឧត្តមនាវី បានថ្លែងបែបនេះ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីសំណេញសំណាលសួរសុខទុក្ខ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានសមាជិកសមាជិកាបក្សជាន់ខ្ពស់ជាច្រើនរូប ដោយមានការចូលរួមសមាជិសមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន១៩៩នាក់ផងដែរ។

នាយឧត្តមនាវី ទៀ វិញ បានថ្លែងថា ប្រទេសកម្ពុជាកំពុងស្ថិតនូវភាពរីកចំរើនគ្រប់វិស័យ, ប្រទេសកម្ពុជាមានសន្តិភាព សេរីភាពរាល់ថ្ងៃ គឺដោយសារគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំដ៏ឈ្លាសវៃ ក្នុងការដឹកនាំប្រទេស ហើយសម្តេចតេជោ តែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច មិនដែលរត់ចោល បងប្អូនឡើយ។ ដូចបងប្អូនប្រជាពលរដ្ឋដឹងស្រាប់ហើយថា គណបក្សប្រជាជនកម្ពុជា នៅជាប់នឹងខ្លួមបងប្អូនជានិច្ច ឲ្យតែបងប្អូនមានបញ្ហាអ្វីមួយបានកើតឡើង គណបក្សប្រជាជនកម្ពុជា មកដល់ភ្លាមៗដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរអ្វីឡើយ។

លោកបានបញ្ជាក់ទៀតថា ​ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នៅភ្លើងសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ហេដ្ឋា​រចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់ក្នុងរបបប៉ុលពត តែ​ក្នុងរយៈពេល​៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា មានការរីកចម្រើន​ទាំង​ក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះត្រូវរក្សាសុខសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែង និងការពាដាច់ខាតកុំឲ្យ កើតមានសង្គ្រាម។

លោកក៏បានផ្តាំផ្ញើ​ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេស ត្រូវផ្តល់សេវាសាធារណៈឲ្យបានរហ័សនៅក្នុងមូលដ្ឋាន បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋ​ឲ្យមានជីវភាពធូរធា​។

លោកបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគិតពិចារណាឲ្យបានត្រឹមត្រូវថាតើ អ្នកណាដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងដឹកនាំប្រទេសតាំងពីបាតដៃទរទេឲ្យមានការីកចម្រើន គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដូច្នេះសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តការងារ អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត។

នៅឱកាសនោះនាយឧត្តមនាវី បានពាំនាំអំណោយរបស់សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអង្ករ សារ៉ុង ក្រមា និងថវិកាមួយចំនួនមកផ្តល់ជូនបងប្អូនចំនួន១៩៩នាក់ផងដែរ៕