(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួស​ស្រាលម្នាក់ និងរបួសធ្ងន់២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង រថយន្តតូច៣គ្រឿង រថយន្ដធុនធំ៣គ្រឿង, យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថារយៈពេល០៧ថ្ងៃ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៧នាក់ របួសធ្ងន់ចំនួន៣៧នាក់ និងរបួសស្រាលចំនួន២៣នាក់៕