(ភ្នំពេញ)៖ តារាសម្តែងញញឹមស្រស់ ទឹកមុខមានមន្តស្នេហ៍ រាងខ្ពស់ស្រឡះ និងជាតួឯកស្រីក្នុងរឿង «ទណ្ឌកម្មស្នេហ៍» និងរឿង «ជញ្ជីងជីវិតនោះ» គឺកញ្ញា ព្រះ កាយច័ន្ទ បច្ចុប្បន្ននេះ នាងត្រូវបានគេសង្កេតឃើញថា ហាក់មានភាពមមាញឹកខ្លាំង នឹងការងារសិល្បៈ ជាពិសេស គឺសម្តែងខ្សែភាពយន្តភាគ ឲ្យស្ថានីយទូរទស្សន៍តែម្តង។ យ៉ាងណាមិញ ក្រៅពីសកម្មភាពក្នុងពិភពសិល្បៈ តារាស្រីរូបនេះ ហាក់មិនសូវទម្លាយពីអាថ៌កំបាំងផ្ទាល់ខ្លួន ឲ្យទស្សនិកជន ដែលតែងតែគាំទ្រខ្លួនបានដឹងនោះទេ ទោះបីជាមានឮរឿងអាស្រូវថា «នាងមានទំនាក់ទំនង ជាមួយនឹងតួឯកប្រុសថតភាពយន្ត ជាមួយគ្នាក៏ដោយ។ ដោយឡែក នៅចុងសប្តាហ៍នេះកញ្ញា ព្រះកាយច័ន្ទ នឹងមកបកស្រាយពីអាថ៌កំបាំងទាំងនេះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»

ជាការកត់សម្គាល់ គេសង្គេតឃើញថា ព្រះ កាយច័ន្ទ គឺជាតារាសម្តែងស្រីមួយរូប ដែលមានជីវិតតស៊ូ ខណៈទំរាំតែបានឈ្មោះល្បី ត្រូវប៉ាន់ក្នុងខ្សែភាពយន្តខ្មែរ រហូតដល់បច្ចុប្បន្ន នាងបានវិវឌ្ឍន៍ខ្លួនពីនាថការីរបាំបុរាណ រហូតក្លាយជាតារាសម្តែង ដ៏បានប្រជាប្រិយភាព ត្រូវបានទស្សនិកជនទទួលស្គាល់ នឹងទេពកោសល្យ សមត្ថភាពសម្តែងរបស់នាង។

ទន្ទឹមគ្នាផងដែរ ថ្មីៗនេះស្រាប់តែមានរឿងអាស្រូវមួយចំនួន ទាក់ទងនឹងរឿងរ៉ាវស្នេហ៍រវាងនាង នឹងតួឯកប្រុសថតរឿង «ទណ្ឌកម្មស្នេហ៍» គឺលោក សូ ឆានី ខណៈរឿងនេះ មិនដឹងថា ជាការពិតឬគ្រាន់តែជាការផ្សំផ្គុំពីសំណាក់ទស្សនិកជន ប៉ុន្តែអ្នកទាំងពីរបានបង្ហាញសកម្មភាពស្និទ្ធស្នាល ស្អិតល្មួត ខុសប្លែកពីធម្មតា បង្កឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជន និងអ្នកគាំទ្រ។

ជាមួយគ្នានឹងមន្ទឹលសង្ស័យទាំងនេះ ព្រះ កាយច័ន្ទ នឹងចូលខ្លួនមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យវេលាម៉ោងដដែល៕