(ភ្នំពេញ)៖ ប្រជាពលរដ្ឋភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នៅតែបន្ដប្ដេជ្ញាចិត្តថា ពួកគាត់ នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខាងមុខនេះគ្រប់ៗគ្នា ព្រោះពួកគាត់ស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍន៍ ហើយពួកគាត់ថា ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ការប្រកាសជាថ្មីនេះ របស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាស ​លោក នុត ពុធដារ៉ា ​ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសំណើ សំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ១៩០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស។

ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ​តែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។​

លោកក៏បានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធាក្រោមដំបូលសន្តិភាព។

លោកថា ផ្លូវបេតុងថ្មី០១ខ្សែនេះ ជាផ្លូវស្ថិតក្នុងផ្លូវគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ដែលផ្លូវបេតុងថ្មី០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានសោភណ្ឌភាពក្នុងការរស់នៅ។

បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្ត បន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត៕