(កំពង់ចាម)៖ ថ្លែងចេញពីទឹកដីស្រុកជើងព្រៃ ខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះបានលើកឡើងថា សម្តេចជាមេដឹកនាំមួយរូប ដែលបានបង្ហាញខ្លួននៅគ្រប់ទីកន្លែងតាមបរិបថ នៃការវិវឌ្ឍរបស់ប្រទេសជាតិ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងឋានៈជាមេដឹកនាំ ពូមិនបានមើលរំលងចំពោះបញ្ហាដែលជាអាទិភាព នៃការដោះស្រាយទេ មុននេះពេល ដែលមានសង្គ្រាមគេឃើញ ពូពាក់ឯកសណ្ឋានកងទ័ព នៅឯខ្សែត្រៀមជួរមុខ ដើម្បីដោះស្រាយការលំបាករបស់កងទ័ព និងប្រជាជនដែលរស់នៅ ក្នុងតំបន់នៃការប្រយុទ្ធ​ ទទ្ទឹមគ្នាគេឃើញពូពាក់អាវក្រវ៉ាត់ក នៅឯក្រៅប្រទេសដើម្បីចរចារកដំណោះស្រាយនយោបាយ សម្រាប់បញ្ចាប់សង្រ្គាម ក្នុងពេលជាមួយគ្នាគេបានឃើញពូនៅតាមវាលស្រែ ធ្វើវេទិការសាធារណៈនៅតាមវាលស្រែជជែកជាមួយកសិករ ហើយរៀបចំការធ្វើប្រឡាយទឹក»

បរុសខ្លាំងកម្ពុជា បានមានប្រសាសន៍បន្តថា ក្រោយពីបញ្ចប់សង្គ្រាមផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា បានរៀបចំប្រគល់ដីធ្លីជូនប្រជាកសិករ ផ្ទះស្បែង និងទ្រព្យសម្បត្តិនានា ដែលត្រូវបានពួក ប៉ុល ពត ដកហូតប្រគល់ជូនពួកគាត់វិញ ដើម្បីធ្វើជាកម្មសិទ្ធិស្របច្បាប់ និងយកទៅប្រើប្រាស់អាស្រ័យផល តាមលទ្ធភាពរៀងៗខ្លួនក្នុងនាមជាម្ចាស់ កម្មសិទ្ធិផងដែរ។ ទាំងនេះជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា និងបាតដៃទាំងទ្វេររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃនេះតែម្តង ព្រោះពេលនោះពួក ប៉ុល ពត បានដកហូតតាំងពីផ្ទះសម្បែង ចាន ឆ្នាំង ដីធ្លី គោ ក្របីអស់គ្មានអស់នោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកផងដែរថា មានតែសុខសន្តិភាពតែប៉ុណ្ណោះដែលអាចធ្វើឱ្យក្មួយ បានបន្តមានការងារធ្វើ និងបង្កើតការងារថ្មីៗបន្ថែមទៀត សម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ ហើយសម្រាប់ការរីកលូតលាស់ នៃវិស័យនានានៅក្នុងប្រទេសកម្ពុជា រួមមាន៖ វិស័យកសិកម្ម, វិស័យឧស្សាហកម្ម, និងវិស័យសេវាកម្ម ចំណុចទាំងនេះក្មួយបានមើលឃើញនឹងភ្នែកហើយ ទោះបីមិនទាន់ជាទីពេញចិត្តសម្រាប់អ្នកទាំងអស់គ្នាក៏ដោយ៕