(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដាក់បទបញ្ជាឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួន ចុះទៅធ្វើការហាមឃាត់ការសាងសង់សំណង់ភូមិគ្រឹះមួយកន្លែងយ៉ាងធំស្កឹមស្កៃ ដែលលួចសាងសង់ ទាំងគ្មានលិខិតអនុញ្ញាតរយៈពេល៣ទៅ៤ខែស្មើ៧០%ហើយ របស់បុរសម្នាក់ឈ្មោះ លាស់ ប៊ីសេរ៉ា ជនជាតិខ្មែរឥស្លាម រហូតឈានដល់ការដកហូតសម្ភារ មួយចំនួនមករក្សាទុក ក្រោយពីហាមឃាត់មិនព្រមស្ដាប់ជាច្រើនលើក នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅទល់មុខសំណង់លំនៅដ្ឋានសម្បត្តិមាស «SM» ជាប់ផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ស៊ូ សារ៉ាត់ បានបញ្ជាក់ថា ការទប់ស្កាត់រីករាលដាលចំពោះសំណង់ធំៗ ដែលគ្មានលិខិតអនុញ្ញាត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ គឺដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់របស់លោក-លោកស្រីជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរង់ចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់តទៅទៀតបាន។

ជាមូយគ្នានោះ លោក លឹម សាម៉ឺឌី បានឲ្យដឹងផងដែរថា ចំពោះសំណង់ដ៏ធំស្កឹមស្កៃ របស់លោក លាស់ ប៊ីសេរ៉ា ចាំបាច់ត្រូវតែមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ទើបអនុញ្ញាតឲ្យសាងសង់បន្តទៅទៀតបាន ជាពិសេសកូនប្រុសរបស់លោក លាស់ ប៊ីសេរ៉ា ជាអ្នកមើលការខុសត្រូវលោក លាស់ យូរ៉ូម៉ា ឬជាងសំណង់នៅតែបន្តការសាងសង់ ទាំងមិនមានលិខិតអនុញ្ញាតនោះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាលឃាដកហូតយកសម្ភារ ឧបករណ៍សំណង់មករក្សាទុក ជាបណ្ដោះអាសន្ន ដោយមិនទទួល ខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើង ដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ជាធរមាន៕