(​ព្រះសីហនុ)៖ យោងតាមសេចក្តីរាយការបឋមពីសមត្ថកិច្ចបា​នឲ្យដឹងថា រថយន្តដឹកត្រីមួយគ្រឿង បានព្រលះគ្នាជាមួយរថយន្តសាំយ៉ុងពេញទំហឹង បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

សមត្ថិច្ចបានបញ្ជាក់ថា​ រថយន្តធុនធំដឹកត្រី ​ម៉ាក​ HYUNDAI ពណ៌ស ពាក់ផ្លាកលេខ​កំពត ​3A-0786 និងរថយន្តសាំយ៉ុង ពណ៌​ស្លែ​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2L-3189 មានទិសដៅពី​ផ្ទុយ​គ្នា ខណៈមកដល់កន្លែងកើតហេតុ រថយន្តដឹកត្រីបានបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុករថយន្តតួរីសពេញទំហឹង​ បណ្តាលឲ្យមនុស្ស៥នាក់ (ស្រី២នាក់, ក្មេងតូចម្នាក់) ដែលជិះក្នុងរថយន្តតួរីសរងរបួស ក្នុងនោះមាន៤នាក់រងរបួសធ្ងន់។

ករណីនេះ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា កើតឡើងពេលដែលរថយន្តដឹកត្រីទិសដៅចូលទៅក្រុងព្រះសីហនុ បំរុងបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុករថយន្តតួរីសដឹកអ្នកដំណើរ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ទើបបណ្តាលឲ្យកើតមានហេតុការដូចនេះតែម្តង៕