(កំពង់ធំ)៖ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម ដែលជាសេវាតំរូវការក្នុងការប្រើប្រាស់ថាមពលអគ្គិសនីជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ និង លោក ទូច វុទ្ធី ប្រធាននាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ នៃអាជ្ញាធរអគ្គីសនីកម្ពុជា ដោយមានការចូលរួមពីតំណាងមន្ទីរ៉ែ និងថាមពល ខេត្តកំពង់ធំ តំណាងសេវាករអគ្គិសនី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បានរៀបចំវេទិកាសាធារណៈ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ក្នុងការប្រើប្រាស់អគ្គិសនី ដែលបានរៀបចំឡើង នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្រោយពីការលើកឡើងពី បញ្ហាប្រឈមនៃការប្រើប្រាស់ថាមពលអគ្គិសនី របស់ប្រជាពលរដ្ឋរួចមក លោក ទូច វុទ្ធី បានជម្រាបជូនប្រជាពលរដ្ឋអំពីមូលហេតុធំ នៃការដាច់ភ្លើងកន្លងមក គឺដោយសារសំណង់កៀកខ្សែ មែកឈើ ដើមឈើ ខ្យល់ ភ្លៀង ជាដើម និងបានបំភ្លឺអំពីនីតិវិធីរកការពិតនៃការសង្ស័យ គីឡូភ្លើងកើនឡើង មិនប្រក្រតី ប្រសិនបើសង្ស័យថានាឡិកាស្ទង់អគ្គិសនីមិនត្រឹមត្រូវ អ្នកប្រើប្រាស់អគ្គិសនីអាចបំពេញពាក្យស្នើសុំ ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាអាជ្ញា កណ្តាលយកឧបករណ៍ ផ្ទៀងផ្ទាត់ចល័តមកផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើលថាតើវាដើរត្រឹមត្រូវទេ ដែលការងារនេះធ្វើជូនដោយមិនយកប្រាក់កម្រៃទេ ។

លោកបានបន្តទៀតថា ប្រសិនបើផ្ទៀងផ្ទាត់រួចហើយ អ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់ របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះទេ អ្នកនោះអាចទៅទិញនាឡិកាណា ដែលគេយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណាក៏ដោយ ហើយធ្វើការស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យ ព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិការនោះវាស់ និង​កត់ត្រាទន្ទឹមគ្នាជាមួយនាឡិកា ចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់ធ្វើសាក្សីមើលទាំងអស់គ្នា ថាតើនាឡិកាចាស់ដែលអ្នកផ្គត់ផ្គង់តំបន់នោះកំពុងប្រើ វាស់ខុសពីនាឡិកាដែលអ្នកទិញមកនោះទេ បើដាក់វាស់ទន្ទឹមគ្នារួចឃើញថាវាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម ។

លោក សុក ហៃ សំណូមពរឲ្យជំនាញពាក់ព័ន្ធទាំងអស់ ចុះទៅមើលស្ថានភាពជាក់ស្តែងដល់មូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋ ជួបនូវបញ្ហាប្រឈមក្នុងការប្រើប្រាស់អគ្គិសនីនិងពន្យល់ណែនាំដល់ពួកគាត់ឲ្យបានច្បាស់លាស់ អំពីការដាច់ភ្លើងញឹកញាប់ និងមូលហេតុនៃការឡើងគីឡូងភ្លើង ជាពិសេសនៅតាមភូមិនីមួយ សូមក្រុមហ៊ុន ក៏ដូចជាសេវាករអគ្គិសនីត្រូវខិតខំតបណ្តាញអគ្គិសនីឲ្យបានដល់ផ្ទះប្រជាពលរដ្ឋបន្ថែមទៀត។

ម្យ៉ាងវិញទៀតចំពោះរាល់តម្លៃតបណ្តាញអគ្គីសនីចូលតាមផ្ទះប្រជាពលរដ្ឋ សូមលោកអាជ្ញាធរក្រុង​ស្រុក ត្រូវធ្វើ​ការ​បិទផ្សាយអំពីតម្លៃសេវាករនេះ នៅតាមមូលដ្ឋានឲ្យបានទូលំទូលាយ ជៀសវាងសេវាករណាមួយ យកតម្លៃ ខ្ពស់ជាង អាជ្ញាធរអគ្គីសនីកម្ពុជាបានកំណត់។ ចំពោះ​សេវាករត្រូវពិនិត្យមើលឥរិយាបថបុគ្គលិករបស់ខ្លួនឲ្យបានច្បាស់លាស់ជៀសវាង ប្រើពាក្យសម្តីមិនសមរម្យមកលើប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើយ៉ាងណាជួយពន្លឿនការផ្តល់សេវាឲ្យបានឆាប់រហ័ស ។

ជាចុងក្រោយលោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរជួយផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕