(កំពង់ធំ)៖ ភរិយាអតីតយុទ្ធជនពលីម្នាក់ ដែលកំពុងរស់នៅក្នុងស្ថានភាពជីវភាពជាស្ត្រីមេម៉ាយមានការលំបាកក្នុងជីវភាពហើយនោះ ស្រាប់តែត្រូវជួបគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះថែមទៀត។ តែទោះជាយ៉ាងណាក្រោមការយកចិត្តទុកដាក់ពីសមាគមអតីតយុទ្ធជនកម្ពុជានោះ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ បានដឹកនាំកម្លាំងចុះសាងសង់ផ្ទះជូនស្ត្រីមេម៉ាយរូបនេះ។​

ស្រ្តីភរិយាអតីតយុទ្ធជនពលី ហើយជួបគ្រោះភ្លើងឆេះផ្ទះនេះ មានឈ្មោះ​ ហែម​ សាវ៉ុន ​ភរិយា​យុទ្ធ​ជន​ពលី​ឈ្មោះ​ ជាប​ ហុក​គៀន​ អតីត​មេបញ្ជាការ​រង​វរសនាតូចលេខ៦​ នៃយោធា​ខេត្ត​កំពង់ធំ​ ក្នុង​សម័យ​រដ្ឋ​កម្ពុជា​។ លោក សោម ស៊ុន បានឲ្យដឹងថា ការចុះសាងសង់ផ្ទះជូនស្ត្រីរងគ្រោះបានធ្វើឡើងភ្លាមៗតាមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

អ្នកស្រី​ ហែម​ សាវ៉ុន​ ដែលមាន​កូន​ក្នុង​បន្ទុក​ចំនួន​ ៦​នាក់​ បានក្តីត្រេកអរ និងរីករាយជាខ្លាំងចំពោះការជ្រោមជ្រែងជួយសាងសង់ផ្ទះពីសមាគមអតីតយុទ្ធជនកម្ពុជា និងបាន​គោរព​ថ្លែង​អំណរគុណ​​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដែល​ជា​និច្ច​កាល​តែ​ងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន​ ជា​ពិសេស​អតីត​យុទ្ធ​ជន​ដែល​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ​។

ក្រៅពីបង្ហាញការដឹងគុណចំពោះការគិតគូរបស់សម្តេចតេជោ និងសមាគមអតីតយុទ្ធជនហើយ អ្នកស្រី ហែម សាវ៉ុន ក៏បាន​ប្តេជ្ញា​ចិត្ត​គាំទ្រ​សម្តេចតេជោ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ រក្សា​បាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ៕