(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៩ពាន់ ៨រយលានរៀល ស្មើនឹងជិត ២.៥លានដុល្លារអាមេរិក ឧបត្ថម្ភដល់កម្មការិនី ដែលសម្រាលកូនជាង ២ម៉ឺន ៤ពាន់នាក់ និងសម្រាលកូនបានជិត ២ម៉ឺន ៥ពាន់នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាឧប្ថម្ភដល់កម្មការិនីក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅពេលដែលពួកគេសម្រាលកូន។ គោលការណ៍ឧបត្ថម្ភនេះ បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ។

គោលការណ៍នេះ បានកំណត់ថាកម្មការិនី សម្រាលបានកូន១ ទទួលបានការឧបត្ថម្ភ ៤០ម៉ឺនរៀល, កម្មការិនីសម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល សម្រាប់កម្មការិនីទទួលបានកូនភ្លោះ៣ ទទួលបាន ១លាន ២០ម៉ឺនរៀល។ ការសម្រេចនេះ ក្នុងគោលបំណងជួយសម្រួលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរបស់កម្មការិនី៕