(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកនេះបានមានប្រសាសន៍ធ្ងន់ៗថា មន្ត្រីដែលពូកែរាយការណ៍ឱ្យថ្នាក់លើ ហើយទម្លាក់កំហុសឱ្យថ្នាក់ក្រោម មិនគួរត្រូវតែងតាំងនោះឡើយ។

ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្តែមន្ត្រី ដែលមិនបានការដែលគួរតែចៀសវាង គឺគាត់ធ្វើការងារពីរ ដែលសំខាន់ទី១៖ គឺការរាយការណ៍ឱ្យថ្នា​ក់លើ, ទី២៖ ស្តីបន្ទោសឱ្យថ្នាក់ក្រោម មន្ត្រីបែបនេះត្រូវចងចាំចំណាំទុកមិនគួរតែងតាំងឱ្យកាន់មុខងារនេះបន្តទេ»

សម្តេចតេជោ ហ៊ុន​ សែន បានសង្កត់ធ្ងន់ៗថា មន្ត្រីដែលចាំតែទៅរាយការណ៍ឱ្យថ្នាក់លើ និងម្ខាងទៀតចាំតែស្តីបន្ទោសឱ្យថ្នាក់ក្រោម ដោយគ្មានការចាត់វិធានការណ៍ណាមួយនោះទេ បើមានមន្ត្រីធុនហ្នឹង អញ្ចឹងមិនចាំបាច់ឱ្យមានមន្ត្រីទេ ហើយក៏មិនចាំបាច់ឱ្យមានរដ្ឋមន្ត្រី មានចៅហ្វាខេត្តនោះទេ គឺមានតែនាយករដ្ឋមន្ត្រីតែមួយរូបវាគ្រប់គ្រាន់ទៅហើយ។ ដូច្នេះហើយសូមមន្ត្រីទាំងឡាយត្រូវតែអនុវត្តតាមច្បាប់ កុំអនុវត្តន៍តាមតែបទបញ្ជា និងមិនមែនចាំតែមានបទបញ្ជារបស់នាយករដ្ឋមន្ត្រី ទើបនាំគ្នាអនុវត្តច្បាប់នោះទេ។

ទទ្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ដល់មន្ត្រីរូបណាដែលយកជាគ្នាបាន គឺជាមន្ត្រីដែលបានខិតខំស្រវ៉ា ដោះស្រាយបញ្ហានៅនឹងកន្លែង ដោយប្រមូលផ្តុំនូវការដោះស្រាយដោយភាពឈ្លាសវៃរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង ឱ្យមានប្រសិទ្ធភាព ទើបជាមន្ត្រីដែលត្រូវបានយកចិត្តទុកដាក់រៀបចំ ឱ្យទៅជាមន្ត្រីដឹកនាំកាន់តែខ្ពស់កាន់តែល្អ។

សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា មន្ត្រីរាជការទាំងអស់ត្រូវមានការសហការគ្នា ហើយមិនត្រូវប៉ែងជើងគ្នា ព្រោះតែដើម្បីអំណាចនោះឡើយ៕