(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវមោទកភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃវិស័យកីឡាជាតិបច្ចុប្បន្ន ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា សម្ដេចបានក្រើនរំឭកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ពិសេសស្ថាប័នជំនាញ រួមមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបង្កើនការគិតគូរការអភិវឌ្ឍន៍វិស័យកីឡាជាតិបន្ថែមទៀត ដើម្បីធានាក្នុងការដណ្ដើមមេដាយបានច្រើន ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ។

ការថ្លែងរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី២ នាពហុកីឡដ្ឋានជាតិ នៅល្ងាចថ្ងៃទី០៤ ខែមិថុនានេះ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ ខេត្តប៉ៃលិន គឺជាខេត្តតែមួយគត់ ដែលគ្មានមេដាយ តែសម្ដេចរំពឹងថា ថ្នាក់ដឹកនាំខេត្ត នឹងយកចិត្តទុកដាក់ និងព្យាយាមបង្កើតនូវស្នាដៃបានល្អ សម្រាប់ការប្រកួតលើកក្រោយ ។ លើសពីនេះ សម្ដេចបានអំពាវនាវដល់គ្រប់ស្ថាប័នថ្នាក់ជាតិ ចូលរួមប្រកួតកីឡាជាតិឲ្យបានច្រើនកុះករ ដើម្បីជំរុញការអភិវឌ្ឍន៍ និងស្វែងរកថ្នាលមានសមត្ថភាពបានកាន់តែច្រើន សម្រាប់ត្រៀមស៊ីហ្គេម ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ខេត្តប៉ៃលិន នៅឆ្នាំ២០២០ នឹងបង្កើតឡើងនូវស្នាដៃ ដើម្បីទទួលយកនូវមេដាយណាមួយ ទោះបីជាមេដាយមាស មេដាយប្រាក់ ឬមេដាយសំរឹទ្ធក៏ដោយ» ។ បន្ថែមលើនេះ សម្ដេចរំពឹងថា ការប្រកួតក្រោយៗ ក្រៅពីក្រុមតំណាងរាជធានី-ខេត្ត និងក្រសួង ៣ រួមមានក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញុ ដែលធ្លាប់ចូលរួម នឹងមានក្រុមពីក្រសួងស្ថាប័នថ្នាក់ជាតិចូលរួមកាន់តែច្រើន ដើម្បីចូលរួមផលិតធនធានកីឡាករ-កីឡាការិនី ពិសេសសម្ដេចបានជំរុញឲ្យមានការរៀបចំទីលានប្រកួត និងកន្លែងហាត់ប្រាណឲ្យកាន់តែច្រើន ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួមលេងកីឡាកាន់តែច្រើន ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ដថា «ខ្ញុំសង្ឃឹមថា តាមភូមិ-ឃុំនឹងខិតខំរៀបចំផ្នែកកីឡានេះឲ្យមានការរីកចម្រើន ព្រោះមិនរង់ចាំតែសាលាកីឡានោះទេ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនមានមូលដ្ឋានកីឡារបស់ខ្លួននោះទេ ក៏ប៉ុន្ដែដោយសារតែការខិតខំប្រឹងប្រែងហ្វឹកហាត់នៅកន្លែងដែលមានសមស្រប គឺទទួលបានជោគជ័យក្នុងការចូលរួមប្រកួតលើកនេះ...។ ខ្ញុំសង្ឃឺមថា ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងជ្រើសរើសនូវប្រភេទកីឡានានា ដែលយើងអាចធ្វើបាន និងមានសក្ដានុពល ដើម្បីធ្វើការហ្វឹកហាត់ ដើម្បីធានាថា នៅឆ្នាំ២០២៣ កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម យើងអាចដណ្ដើមមេដាយបានច្រើន» ។

គួរបញ្ជាក់ថា កីឡាជាតិ លើកទី២ ត្រូវបានរៀបចំឡើងរយៈពេល ១១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ដោយមានអត្តពលិក និងប្រតិភូជាង ៤,០០០នាក់មកពី ២៨រាជធានី-ខេត្ត និងក្រសួងបានចូលរួម និងប្រកួតលើ ២៧ប្រភេទកីឡា ។ ជាលទ្ធផលក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤៩គ្រឿង គឺមានមេដាយមាស ៨៣, ប្រាក់ ៤៣ និងសំរឹទ្ធ ២៣ ។ ចំណែកក្រុមជើងឆ្នាំចាស់រាជធានីភ្នំពេញ បានត្រឹមឈរលេខ២ ដោយដណ្ដើមបានមេដាយមាស ៤២, ប្រាក់ ៣៦ និងសំរឹទ្ធ ៤៦ សរុប ១២៤ ។ រីឯក្រសួងការពារជាតិឈរលេខ៣ មានមេដាយមាស ៣៣, ប្រាក់ ១៨ និងសំរឹទ្ធ ១៦ សរុប ៦៧គ្រឿង ៕