(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បញ្ជាឲ្យកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរអន្តរជាតិមិនត្រូវ ព្រមទាំងរថយន្តគ្មានផ្លាកលេខ។

ប្រតិបត្ដិការចុះត្រួតពិនិត្យ និងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកខាងលើនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ ដែលមានកម្លាំងជាច្រើនរូប ដោយចាត់កម្លាំងជា៤គោលដៅ ពេញមួយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជាលទ្ធផលសរុបបាន​ចំនួន១៨០គ្រឿង​​ ដូចខាងក្រោម​៖

* ទី១៖ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពបានចំនួន១៦០គ្រឿង ពិន័យទាំងអស់
* ទី២៖ អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១២គ្រឿង ពិន័យទាំងអស់
* ទី៣៖ រថយន្តមិនពាក់ខ្សែរក្រវ៉ាត់ចំនួន០២គ្រឿង ពិន័យទាំងអស់
* ទី៤៖ រថយន្តធុនធំល្មើសចូលក្រុងនៅពេលថ្ងៃចំនួន០១គ្រឿង ពិន័យទាំងអស់
* ទី៥៖ ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ និងមានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន០៥គ្រឿង មិនទាន់ពិន័យរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕