(កណ្តាល)៖ សមិទ្ធិផលជាច្រើនដែលបម្រើដល់វិស័យព្រះពុទ្ធសាសនាក្នុងវត្តព្រៃរោង ស្ថិតក្នុងឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមិទ្ធិផលទាំងនេះត្រូវបានអញ្ជើញសម្ពោធដោយឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ។

ដោយកម្លាំងសាមគ្គីទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ទ រួមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋានបានធ្វើឲ្យសមិទ្ធិផលក្នុងវត្តព្រៃរោង រីកចម្រើនជាបន្តបន្ទាប់។ សមិទ្ធិផលដែលសម្ភោធដាក់ឲ្យប្រើប្រាស់នោះរួមមាន៖ ចេតីយ៍រួម១ ទំហំ ១០ម៉ែត្រ x ១៦ម៉ែត្រ កម្ពស់ ២ជាន់ មាន ៧បន្ទប់ កុដិយាយសំណាក់ធម៌ ១ខ្នង ទំហំ ១០ម៉ែត្រ x ២៨ម៉ែត្រ មាន ១១បន្ទប់ ព្រះស្ពាន់ឈរកម្ពស់ ៥ម៉ែត្រ ព្រមទាំងសួនច្បារ និងកុដិថែវព្រះសង្ឃស្នាក់រៀន១ខ្នង ទំហំ ២៨ម៉ែត្រ x ២៨ម៉ែត្រ។

នៅក្នុងពីធីសម្ភោធនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប និងថ្នាក់ដឹកនាំស្រុក ព្រមទាំងលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋប្រមាណជា ២,០០០នាក់។ ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ក៏បានពាំនាំយកការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល ដែលសម្រេចបាន ហើយក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាថែរក្សាសមិទ្ធិផលទាំងនេះ ឲ្យបានយូរអង្វែង។

ឧកញ៉ា ទ្រី ភាព បានថ្លែងថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិអស់គ្មានសល់។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាបានបំផ្លាញទាំងស្រុង ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនឡើងវិញទាំងពុទ្ធចក្រ និងអាណាចក្រ ហើយបានចាត់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

លោកឧកញ៉ាបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូន លោតាលោកយាយ និងប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ និងសូមឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីគាំទ្រសម្តេតេជោ ធ្វើជានាយករដ្ឋមន្រ្តី ក្នុងអណតិ្តទី៦ និងអណតិ្តបន្តបន្ទាប់ទៀត។

ក្នុងពិធីនោះក៏មានបំពាក់មេដៃជូនដល់សប្បុរសជនដែលមានស្នាដៃចូលរួមកសាងសម្មិទ្ធិផលក្នុងវត្ត ក្នុងនោះដែរក៏បាននាំយកនូវអំណោយក៏ដូចជាថវិការមួយចំនួនរបស់សម្តេចតេជោ យកមកប្រគេន និងចែកជូននាពេលនេះរួមមាន ប្រគេនម៉ូតូ ២គ្រឿង និងម៉ូតូកង់បី១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងវត្ត ព្រៃរោង បច្ច័យចូលបុណ្យ ២០លានរៀល គណបក្សស្រុក ១០លានរៀល គណបក្សឃុំ១៨លានរៀល កាកបាទក្រហម ៤លានរៀល លោកគ្រូ-អ្នកគ្រូ ១៧៥នាក់ ក្នុងម្នាក់ថវិកា ៣ម៉ឺនរៀល មន្រ្តីគណបក្សស្រុក ៤០នាក់ ក្នុងម្នាក់ថវិកា ៣ម៉ឺនរៀល មន្រ្តីគណបក្សឃុំ៣៩នាក់ ក្នុងម្នាក់ថវិកា ៣ម៉ឺនរៀល កាយរិទ្ធិ សសយក កាកបាទ ១៥០នាក់ ក្នុងម្នាក់ថវិកា ១ម៉ឺនរៀល ប្រជាពលរដ្ឋ១៣៦៥នាក់ ក្នុងម្នាក់ថវិកា ២ម៉ឺនរៀល កម្មវិធីបុណ្យ+សិល្បៈ ១០លានរៀល និងចំណាយផ្សេង២ជាច្រើនទៀត សរុបអស់ថវិកា ៤៥,០០០ដុល្លារ៕