(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផមក) បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ខ្លួននឹងដាក់ឲ្យដំណើរការ ប្រព័ន្ធជួញដូរចល័ត (Mobile Trading System) សម្រាប់ការជួយដូរមូលបត្រកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។

បើតាមសេចក្តីជូនដំណឹងរបស់ ផ.ម.ក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ដើម្បីប្រើប្រព័ន្ធនេះ វិនិយោគិនត្រូវមានគណនី ជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិករបស់ ផ.ម.ក និងបានចុះឈ្មោះជាមួយ ផ.ម.ក ដើម្បីផ្តល់សេវា ប្រព័ន្ធជួញដូរចល័តនេះ។ ប្រព័ន្ធនេះ នឹងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ នៅក្នុងអំឡុងពេលដាក់ឲ្យដំណើរការបឋមនេះ និងត្រូវបន្តរយៈពេលមួយឆ្នាំទៀត គិតចាប់ពីថ្ងៃដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

តាមសេចក្តីជូនដំណឹងដដែល ប្រព័ន្ធជួញដូរចល័ត ជាប្រព័ន្ធជួញដូរតាមអ៊ីនធើណេត ដែលត្រូវបានអភិវឌ្ឍន៍ក្រោមការគាំទ្រ ពីសំណាក់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ក្នុងគោលដៅជួយសម្រួល និងជំរុញការជួញដូរមូលបត្រកម្មសិទ្ធិ ដែលបានចុះបញ្ជីនៅ ផមក៕