(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដែលអាជីវករដាក់តាំងលក់ នៅតាមតូបព្រមទាំងធ្វើការពិសោធន៍លើម៉ឹក បង្គារ ដើម្បីស្វែងរកសារធាតុគីមី តែជាលទ្ធផល គឺម្ហូបអាហាទាំងនោះ មិនមានផ្ទុកនូវសារធាតុគីមីនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទទួលទានឡើយ។

ការបន្តចុះត្រួតពិនិត្យទំនិញនេះដែរ ប្រព្រឹត្តទៅនៅជុំវិញផ្សារប៉ាហ៊ី ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អាជីវករម្នាក់ឈ្មោះ គន្ធា ជាអ្នកលក់ម្ហូបអាហា បានឲ្យដឹងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលមន្ត្រីកាំកុងត្រូល ចុះត្រួតពិនិត្យលើទំនិញដែលគាត់បានដាក់តាំងលក់ ហើយក៏មិនមានចិត្ត ខឹងសម្បាអ្វីជាមួយនេះឡើយ ព្រោះការធ្វើរបៀបនេះ ដើម្បីឲ្យអាជីវករដូចរូបគាត់ បានយល់ដឹងកាន់តែច្បាស់ថា តើទំនិញណាដែលហួសដឺឡេ ហើយទំនិញណាដែលមិនហួសដឺឡេនោះ ហើយជាលទ្ធផល នៅមន្ត្រីកាំកុងត្រូលចុះមកពិនិត្យនៅកន្លែងគាត់ គឺមិនមានមុខម្ហូបអាហាណា ដែលមានផ្ទុកនូវសារធាតុគីមីនោះដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ឈឹម វាសនា បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្ត តែងតែបន្តចុះត្រួតពិនិត្យទំនិញ ដែលប្រជាពលរដ្ឋ និងអាជីវករដាក់តាំងលក់នៅតាមផ្សារនានាទូទាំងខេត្ត ហើយសកម្មភាពនេះគឺធ្វើជារៀងរាល់ខែ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹងដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាឲ្យចេះពិនិត្យមើលនូវទំនិញខូចគុណភាព ព្រោះទំនិញដែលខូចគុណភាព វាធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងផងដែរ។

ជាមួយគ្នានេះដែរ លោកប្រធានសាខា ក៏បានពន្យល់ណែនាំ ដល់អាជីវករទាំងអស់ កុំយកទំនិញណា ដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមាន ស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ទន្ទឹមនេះ អាជីវករទាំងអស់មុន នឹងទិញទំនិញយកមកដាក់តាំងលក់ ត្រូវពិនិត្យមើលកាលបរិច្ឆេត ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុន ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាង ពេលសមត្ថកិច្ចកាំកុងត្រូល ចុះពិនិត្យឃើញទំនិញហួសកាលកំណត់ គឺមន្ត្រីយើងធ្វើការដកហូត ដែលនាំឲ្យខាតបង់ថវិការគ្រូសាររបស់បងប្អូន និង ខាតបង់វេលាផងដែរ។

ក្នុងការបន្តចុះត្រួតពិនិត្យទំនិញនេះដែរ សមត្ថកិច្ចកាំកុងត្រូល បានដកហូតទំនិញខូចគុណភាព មួយចំនួន ពីអាជីវករ ដើម្បីយកទៅកំទេចចោលរួមមាន៖ ស្កគ្រាប់ចំនួន ១៣៥កញ្ចប់ធំ ស្មើនិង៥៤គីឡូក្រាម, ទឹកក្រូចដបជ័រចំនួន២០ដប, ទឹកខ្មេះរូបទន្សាយចំនួន ៣៥ដប, ទឹកដោះគោរាវកំប៉ុងចំនួន០៣កំប៉ុង,ឈូកលីងចំនួន១២កញ្ចប់ផងដែរ៕