(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងាររៀបចំការធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី។

កម្មវិធីប្រជុំនេះ បានធ្វើឡើង​ នៅទីស្តីការក្រសួងយុត្តិធម៌​ ដោយមានសមាសភាពចូលរួមពីក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មច្បាប់នេះ នឹងត្រូវរៀបចំឡើងក្នុងគោលដៅសំខាន់បី៖
ទី១៖ ការពារអត្ថប្រយោជន៍នៃអង្គវិជ្ជាជីវៈមេធាវីកម្ពុជា
ទី២៖ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាផ្នែកច្បាប់នៅកម្ពុជា
និងទី៣៖ ដើម្បីឱ្យស្របទៅតាមស្តង់ដាអន្តរជាតិ ជាពិសេសលក្ខខណ្ឌតម្រូវ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលកម្ពុជាជាសមាជិក។

ក្រុមការងារក៏បានពិភាក្សា និងឯកភាពផងដែរបង្កើតក្រុមការងារបច្ចេកទេសមួយ ដែលដឹកនាំដោយលោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានការចូលរួមពីអ្នកជំនាញ មកពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាលើទិដ្ឋភាពបច្ចេកទេស នៃការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងបីខាងលើ៕