(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វាចរន្ត F2A មូលហេតុ ដោយសារមានការដ្ឋានសាងសង់ផ្ទះប្រើប្រាស់អេស្កាវ៉ាទ័រកាយដី ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដីដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ ភូមិ០៣ សង្កាត់លេខ០៤ និងតំបន់អូរត្រេះ រហូតដល់តំបន់អូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១៤៖៣០នាទីរសៀល ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕