(ក្រចេះ)៖ ប្រជាពលរដ្ឋខេត្តក្រចេះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្តែងការព្រួយបារម្ភ និងឈឺចាប់ចំពោះការធ្វើនយោបាយកាត់ទឹកដីរបស់ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ដែលជាជាតិសាសន៍ដទៃ។ ប្រជាពលរដ្ឋខេត្តនេះ បានលើកឡើងថា លោក សម រង្ស៊ី មិនទាន់បានកាន់អំណាចផង ហ៊ានធ្វើអំពើក្បត់ជាតិបែបននេះហើយ។

ការប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តក្រចេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោកទណ្ឌិត សម រង្ស៊ី បានផ្ទុះឡើង បន្ទាប់ពីសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុន រវាងលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា ស្តីពីការកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យទៅជនជាតិវៀតណាមម៉ុងតាញ៉ា ឬដេកា។ ខេត្តដែល លោក សម រង្ស៊ី សន្យាកាត់ទៅឱ្យជនជាតិភាគតិចម៉ុងតាញ៉ានោះរួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។

អ្នកស្រី សោម ចាន់ធី អាយុជាង៥០ឆ្នាំ រស់នៅក្រុងក្រចេះ ខេត្តក្រចេះ បានសម្តែងការខឹងសម្បារ និងឈឺចាប់យ៉ាងខ្លាំងចំពោះលោក សម រង្ស៊ី ដែលលួចចុះកិច្ចព្រមព្រៀង កាត់ទឹកដីកម្ពុជា ឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។ អ្នកស្រីមិនចង់ឱ្យ លោក សម រង្ស៊ី ធ្វើនយោបាយទៀតទេ ដោយសារតែព្រួយបារម្ភបាត់បង់ទឹកដីព្រោះជាខេត្ត ដែលគាត់រស់នៅ នឹងជាកម្មសិទ្ធិរបស់ខ្មែរ។ អ្នកស្រីចង់ឱ្យតុលាការកាត់ទោសលោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរទៅតាមច្បាប់ កុំឱ្យមានការលើកលែង។

ដោយឡែក ស្រ្តីម្នាក់ទៀតឈ្មោះ រដ្ឋា អាយុ២១ឆ្នាំ ក៏បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៊ី ផងដែរ ដោយអ្នកស្រីអះអាងថា អ្នកស្រីមិនចង់់ឲ្យនរណាយកទឹកដីដែលអ្នកស្រី កំពុងរស់នៅទៅឲ្យគេនោះទេ ដូច្នេះអ្នកស្រី សូមឲ្យតុលាការកាត់ទោសបុគ្គល សម រង្ស៊ី ឲ្យបានខ្លាំង និងមិនចង់ឃើញធ្វើនយោបាយទៀតឡើយ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែលោក សម រង្ស៊ី បានអវត្តមានក្នុងការចូលបំភ្លឺ។ ទោះជាយ៉ាងនេះក្តី តំណាងអយ្យការបានអះអាងថា ខ្លួននឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត ចំពោះសំណុំរឿងនេះ៕