(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣៥៧គ្រឿង រកឃើញល្មើសច្បាប់៦៦៨គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ២០៧គ្រឿង និងផាកពិន័យ៤៦១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០២ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,៩០១គ្រឿង អប់រំ១២៣គ្រឿង និងផាកពិន័យចំនួន ៣៧៥គ្រឿង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញសមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៤៨២គ្រឿងដែលជិះ
បញ្ច្រាស់ មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧,១៧៥គ្រឿង រកឃើញយានយន្តល្មើស ១,១២៩គ្រឿង (ម៉ូតូ៧៥ភាគរយ) ក្នុងនោះអប់រំ ៣៥៤គ្រឿង និងផាកពិន័យ ៧៧៥គ្រឿង (ម៉ូតូ៩៦%)៕