(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តទៅបំភ្លឺជូនអាជ្ញាធរថៃ ក្នុងនាមជាសាក្សី ពាក់ព័ន្ធព័ត៌មានប្រឌិត ដែលធ្វើឲ្យប៉ះពាល់ដល់នាយករដ្ឋមន្ដ្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា នោះ​បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយគ្មានការចាប់ខ្លួនអ្វីនោះទេ។

ពលរដ្ឋរូបនេះឈ្មោះ ហេង រតនៈ អាយុ២១ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ បានស្ម័គ្រចិត្តទៅបំភ្លឺជូនអាជ្ញាធរថៃ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ពេលចុះពីលើយន្តហោះលោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ព័ត៌មានដែលថា អាជ្ញាធរថៃចូលមកចាប់ខ្លួននោះ វាមិនមែនជាការពិតនោះទេ ចំពោះមូលហេតុដែលនាំខ្លួនទៅប្រទេសថៃនេះ គឺជាការស្ម័គ្រចិត្តរបស់ខ្ញុំទេ។ ហើយការចាប់ខ្លួននេះពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដោយមានការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីផ្សព្វផ្សាយនៅក្នុងប្រទេសថៃ ពាក់ព័ន្ធជាមួយនាយករដ្ឋមន្ដ្រីថៃ»។

បន្ថែមពីនេះ លោកក៏បានផ្ដាំផ្ញើដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំទាន់ធ្វើការវិនិច្ឆ័យចំពោះព័ត៌មាន ដែលមិនទាន់បានដឹងប្រភព ឬមូលហេតុច្បាស់លាស់ ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គល និងកិត្តិយសរបស់ប្រទេសជាតិ។

សូមជម្រាបថា ក្រោយចេញទៅបំភ្លឺនៅប្រទេសថៃ ស្រាប់តែមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានចែកចាយតៗគ្នាថា អាជ្ញាធរថៃចូលមកចាប់ខ្លួនពលរដ្ឋខ្មែរដល់ក្នុងប្រទេសតែម្ដង ខណៈដែលសមត្ថកិច្ចកម្ពុជាមិនបានទទួលព័ត៌មាននេះទាល់តែសោះ។

បន្ទាប់ពីមានការលើកឡើងថា មានករណីចាប់អាជ្ញាធរថៃ ចូលមកចាប់ប្រជាពលរដ្ឋខ្មែរដល់ក្នុងប្រទេសនោះ ​អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ដោយលោកអះអាងថា ពលរដ្ឋខាងលើបានស្ម័គ្រក្នុងនាមជាសាក្សី គ្មានការបង្ខិតបង្ខំ ឬក៏ចាប់ខ្លួនអ្វីនោះទេ ពីសំណាក់អាជ្ញាធរថៃ។

ជាក់ស្ដែងបន្ទាប់បញ្ចប់ការសាកសួរនៅឯប្រទេសថៃហើយនោះ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ​ហេង រតនា បានវិលត្រឡប់មកដល់មាតុប្រទេស ដោយសុវត្ថិភាពវិញហើយ៕