(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៦នាក់ ក្នុងនោះស្រី០៥នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ (គ្មានឯកសារត្រឹមត្រូវ)។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ឯក អ៊ុក​ ហៃសីឡា បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ​កម្លាំងជំនាញបាន​ចុះត្រួតពិនិត្យគោលដៅ ចំនួន​០៣ទីតាំង ឃាត់​ជនជាតិវៀតណាមចំនួន​១៦នាក់ ស្រី​០៥នាក់ ដែលបានលួចចូលមកស្នាក់នៅ និងប្រកបមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បន្ដថា ទីតាំងទាំង៣ខាងលើនេះ រួមមាន៖ សិប្បកម្មឈើ ផ្លូវលេខ១០៣, ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ឃាត់បានជនជាតិវៀតណាម ចំនួន​០៨នាក់ ស្រីម្នាក់, ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ​ឃាត់​ជនជាតិវៀតណាម ចំនួន០៣នាក់ និងតាមហាងកាហ្វេ (ក្បែរវត្តភ្នំ) សង្កាត់ស្រះចក ខណ្ឌដូនពេញ ​ឃាត់​ជនជាតិវៀតណាម ចំនួន​០៥នាក់ ស្រីម្នាក់។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី៕