(ភ្នំពេញ)៖ ក្រុមហ៊ុន អេចជីប៊ី គ្រុប (HGB Group) បានបើកសម្ពោធជាផ្លូវការ នូវសាលតាំងលក់ថ្មី របស់ក្រុមហ៊ុនរថយន្ត Bentley ភ្នំពេញ នាល្ងាចថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ នេះ ដែលជាក្រុមហ៊ុនលក់ផ្ដាច់មុខ សម្រាប់ម៉ាកយីហោរថយន្តប្រណីត របស់អង់គ្លេស​ ដោយក្នុងនោះក៏មានដៃគូពាណិជ្ជកម្ម ​​និងអ្នកជំនួញ ជាច្រើននាក់ចូលរួម​ ខណៈសាលតាំង​លក់នេះ ស្ថិតនៅក្នុងរាជធានី ដ៏កុះកររបស់ប្រទេសកម្ពុជា​។

លោក ដេវីដ ជេកសុន (David Jackson) នាយកគ្រប់គ្រង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ ក្រុមហ៊ុនរថយន្ត Bentley Motors បានថ្លែង «សាលតាំងលក់ថ្មីនេះ ត្រូវបានរចនាឡើង ដើម្បីជួយឲ្យអតិថិជនរបស់យើង មានចក្ខុវិស័យរឹងមាំ ភ្លឺថ្លា និងទាន់សម័យ បានយល់ពីម៉ាកយីហោរថយន្ត Bentley ហើយសាលនេះ ត្រូវបានតុបតែងនូវភាពប្រណីត ក្នុងកម្រិតស្មើគ្នា នឹងភាពប្រណីតដ៏ល្បីល្បាញ របស់រថយន្តយើងខ្ញុំផងដែរ។ ការសម្ពោធសាលតាំងលក់រថយន្ត Bentley ប្រចាំទីក្រុងភ្នំពេញ នៃ​ប្រទេសកម្ពុជា គឺជាការចាប់ផ្ដើមនូវទំព័រ ប្រវត្តិសាស្ត្រថ្មី និងសបញ្ជាក់ឲ្យឃើញ ពីការកើនឡើងនូវវត្តមាន ដ៏រឹងមាំរបស់រថយន្ត Bentley នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ដោយឡែក លោក ហ៊ឺហ្វ្រីដ ហាសេនហ៊ល (Herfried Hasenoehrl) នាយកប្រតិបត្តិនៃក្រុមហ៊ុន អេចជីប៊ី គ្រុប ក៏បានថ្លែងដែរថា «យើងមានសេចក្តីរីករាយ ដែលក្រុមហ៊ុន HGB Group ត្រូវបានតែងតាំង ដើម្បីធ្វើជាតំណាងឲ្យម៉ាកយីហោ រថយន្ត Bentley ដែលជាម៉ាកយីហោរថយន្តពិសេស និងទទួលបានការគោរពកោតសរសើរ យ៉ាងខ្លាំង។ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងនិរន្តរភាព ក៏ដូចជាស្ថិរភាពនយោបាយ។ សហគ្រិន និងម្ចាស់អាជីវកម្មជោគជ័យ កំពុងតែបង្កើតភាពជោគជ័យ នៅក្នុងសហគមន៍ពាណិជ្ជកម្ម។ ដូច្នេះ គ្មានអ្វីដែលគួរភ្ញាក់ផ្អើលទេ នៅពេលដែលមើលឃើញថា នៅកម្ពុជាកំពុងមានការកើនឡើងនូវការឲ្យតម្លៃចំពោះហត្ថកម្មដែលមានគុណភាពខ្ពស់ ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងភាពឥតខ្ចោះនៃដំណើរការ សម្រាប់ផលិតផលផ្សេងៗ។ យើងនឹងធ្វើការបម្រើសេវាកម្ម ដល់អតិថិជនរបស់យើង នៅក្នុងសាលតាំងលក់ថ្មីនេះ ក៏ដូចជានៅឯទីតាំងផ្ដល់​សេវាកម្មថែទាំ ដែលបច្ចុប្បន្ននេះ ក៏កំពុងបើកទ្វារដើម្បីស្វាគមន៍ ដល់ម្ចាស់រថយន្ត Bentley ផងដែរ»។

លោកបន្តថា សាលតាំងលក់ថ្មី ដ៏ទំនើបទាន់សម័យនេះ គឺជាសមិទ្ធផលមួយទៀត នៃការបោះជំហានរបស់ក្រុមហ៊ុន រថយន្ត Bentley ក្នុងទីផ្សារកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន អេចជីប៊ីគ្រុប គឺជាក្រុមហ៊ុនលក់ផ្ដាច់មុខ សម្រាប់រថយន្ត Bentley នៅរាជធានីភ្នំពេញ ហើយនឹងមានលក់គ្រប់ម៉ូដែល ទាំងអស់ដល់អតិថិជន រួមមានម៉ូដែល Mulsanne, Bentayga, Flying Spur និងរថយន្ត Continental GT ស៊េរីថ្មី។

សូមបញ្ជាក់ថា ក្រុមហ៊ុន Bentley ភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្ដាយ មហាវិថីព្រះមុន្នីរ៉េត ទល់មុខផ្សារទំនើបស៊ីធីម៉ល ​និងមានលក់គ្រប់ម៉ូដែលទាំងអស់ ​របស់រថយន្ត Bentley ក៏ដូចជាឈុតសម្ភារៈប្រណីត ដែលសុទ្ធសឹងធ្វើឡើងដោយដៃផ្ទាល់។ សាលតាំងលក់ថ្មីនេះឆ្លុះបញ្ចាំង ឲ្យឃើញពីអត្តសញ្ញាណសកល របស់ក្រុមហ៊ុន Bentley ហើយបង្ហាញពីប្រវត្តិដ៏ត្រចះត្រចង់ របស់ម៉ាកយីហោនេះ នៅក្នុងលំហអគារស្រស់ស្អាត និងទំនើបទាន់សម័យ ដោយមានបំពាក់នូវឧបករណ៍ និងសង្ហារឹម ដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន និងមានគុណភាពខ្ពស់ ដែលទាំងអស់នេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈសម្គាល់ របស់រថយន្ត Bentley ពិតៗ៕