(កំពង់ចាម)៖ ​ជនសង្ស័យប្រុសស្រីសរុប១១នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំង​អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនបានជាបន្ដបន្ទាប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព ​Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះថា ពេលកំពុងធ្វើរដ្ឋបាលចំហរ​នៅចំណុច​សណ្ឋាគារភ្នំប្រុស ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុង​កំពង់ចាម កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ក្នុងនោះស្ដ្រីម្នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយបានសួរនាំ និងចម្លើយសារភាពនោះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តកិច្ចប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញាចែកចាយចំនួន០២នាក់ទៀត។ ក្រោយពីបានឃាត់ខ្លួនមុខសញ្ញាចែកចាយទាំង០២នាក់ ​ជំនាញស្នងការ​ដា្ឋននគរបាលខេត្តកំពង់ចាម បានសហការជាមួយជំនាញខេត្តត្បូងឃ្មុំ​ ធ្វើការស្រាវជ្រាវ និងបន្តកិច្ចប្រតិបត្តិការនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបាន​បង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៣នាក់។​

លោកស្នងការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញដកហូតបាន ​​ម្សៅក្រាមពណ៌ស​ថ្នាំញៀន០២កញ្ចប់, ម៉ូតូ០៥គ្រឿង, ទូរស័ព្ទដៃ០៩គ្រឿង, ឧបករណ៍សេពគ្រឿងញៀន និងសម្ភារវេចខ្ចប់មួយចំនួន៕