(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនដល់សមាជិកអតីតយុទ្ធជនចំនួន៩២២នាក់ ក្នុងស្រុកម៉ាឡៃ ដែលជាស្រុកជាយដែន​របស់ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។

ក្នុងពិធីនេះក៏មានការចូលរួមពី លោក ស៊ួន បវ អភិបាលខេត្តបន្ទាយមានជ័យ និង​​ប្រធាន អនុប្រធាន សមាជិក សមាគមអតីតយុទ្ធជន​ខេត្ត ស្រុកជាច្រើនរូបទៀតផងដែរ។

លោកវរសេនីយ៍ទោ បេន សំអាត ​ប្រធានសមាគមអតីតយុទ្ធជនស្រុកម៉ាឡៃ ​​បានរាយការណ៍ថា បច្ចុប្បន្ននេះ​សមាគមអតីតយុទ្ធជនស្រុកម៉ាឡៃ បាននិងកំពុងគ្រប់គ្រងសមាជិកអតីតយុទ្ធជន សរុប​៩២២នាក់ ក្នុងនោះមានគ្រួសារពលីចំនួន១១០នាក់, គ្រួសារជនមរណចំនួន៤៧គ្រួសារ, និវត្តន៍ជន៣២៤គ្រួសារ, ជនបាត់បង់សមត្ថភាពពលកម្មចំនួន៣នាក់, ជនពិការចំនួន៤៣៨នាក់ ដែល​រស់នៅក្នុងឃុំទាំង៦​។

លោកប្រធានសមាគមអតីតយុទ្ធជនស្រុក បានបញ្ជាក់ទៀតថា​ តាមការចុះពិនិត្យរបស់ក្រុមការងារសមាគមដល់ភូមិដ្ឋានសមាជិកសមាគម បានធ្វើបច្ចុប្បន្នភាព​បានចំនួន៨៣១នាក់ ក្នុងនោះមានគ្រួសារទីទាល់ក្រ២៩នាក់, មានដីអត់ផ្ទះ២៧នាក់, អត់ដីអត់ផ្ទះ​២៩នាក់, រស់នៅលើដីសាធារណម្នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានគូសបញ្ជាក់ថា វីរ​ជនស្នេហាជាតិ ពិតប្រាកដ គឺជា​អតីតយុទ្ធជន​ដែលបានលះបង់​សាច់ស្រស់ ឈាមស្រស់អាយុជីវិត រហូតធ្លាក់ខ្លួនពិការ​ពលី មរណ​ បាត់បង់សមត្ថភាពពលកម្ម ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជន​ ​មិនមែនជនបំពុលសង្គម ដឹកនាំប្រជាជនធ្វើបាតកម្ម ទាមទារដីធ្លី បង្កអសន្តិសុខដល់សង្គមជាតិ ជាវីរ​ជននោះឡើយ​។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា​ដែលមានសម្តេច​តេជោ ហ៊ុន សែន ដឹកនាំប្រទេសបាននិងកំពុងស្តារ និងអភិវឌ្ឍន៍ប្រទេសរីកចម្រើនយ៉ងឆាប់រហ័ស ពិសេសបានយកចិត្តទុកដាក់គិតគូរដល់អតីតយុទ្ធជន​បំផុត តាមរយៈការផ្តល់ដី​ ផ្ទះ ជូនដល់អតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ មាស សុភា ​បានអំពាវនាវដល់​អតីតយុទ្ធជន​ទាំងអស់ សូមកុំភ្លេចនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ​នេះ​ឲ្យបានគ្រប់ៗគ្នាកុំបីខាន។

សូមជម្រាបថា ​អតីតយុទ្ធដែលត្រូវបំពាក់គ្រឿងឥស្សរិយយសការពារជាតិ មានសរុប៩២២នាក់ ក្នុងនោះមាន​ថ្នាក់មេដាយ​មាស​២គ្រឿង, មេដាយប្រាក់​១២៩គ្រឿង និង​សំរិទ្ធិ​៧៩១គ្រឿង ហើយនាយឧត្តមសេនីយ៍បានភ្ជាប់ថវិកា​ម្នាក់ៗ ៥០,០០០រៀលផងដែរ៕