(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពន្យល់ជុំវិញករណីបាវអង្ករមានរូបប្រាសាទអង្គ និងអក្សរខ្មែរ តែដាក់ថាជាផលិតថៃ ដែលផ្ទុះការរិះគន់លើបណ្ដាញសង្គ Facebook នោះ ត្រូវបានក្រសួងបញ្ជាក់ថា បន្ទាប់ស្រាវជ្រាវបឋម គឺពិនិត្យឃើញថា ទំនិញអង្ករខាងលើនេះ មានដាក់លក់នៅ ក្នុងទីក្រុងម៉ុលរ៉េអាល់នៃប្រទេសកាណាដាតែប៉ុណ្ណោះ ពុំមានដាក់លក់នៅតាមផ្សារ នៃប្រទេសផ្សេងៗនោះឡើយ។

ក្រសួងពាណិជ្ជកម្មចាត់ទុកថា ការក្លែងបន្លំអត្តសញ្ញាណរបស់ទំនិញ អង្ករបរទេស (ថៃឡង់ដ៍) ដែលមានដាក់រូបប្រាសាទអង្គរវត្ត និងឈ្មោះជាខេមរៈភាសាថា «អង្ករក្រអូបពិសេស» ដើម្បីបំភ័ន្តអ្នកប្រើប្រាស់ ពីប្រភពដើមនៃទំនិញ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា កំពុងស្រាវជ្រាវ និងចាត់វិធានការតាមមធ្យោបាយការទូត និងផ្លូវច្បាប់នានា ដើម្បីស្វែងរកប្រភព និងបុគ្គលល្មើស សំដៅបញ្ឈប់​ការធ្វើចរាចរណ៍ទំនិញ ក្លែងបន្លំអត្តសញ្ញាណនេះ៕