(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក John Chipman អគ្គនាយក និងជាប្រធានប្រតិបត្តិ នៃវិទ្យាស្ថានអន្ដរជាតិ សម្រាប់សិក្សាយុទ្ធសាស្ដ្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំកំពូលសន្ដិសុខ អាស៊ីលើកទី១៧ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី០១-០៣ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសាំងហ្គ្រីឡា ប្រទេសសឹង្ហបុរី។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនាយកដ្ឋានកិច្ចការអាស៊ាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលសន្ដិសុខ អាស៊ីលើកទី១៧នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចពិភាក្សា លើប្រធានបទសំខាន់ៗ រួមមាន៖

១៖ ភាពជាអ្នកដឹកនាំរបស់អាមេរិក និងបញ្ហាប្រឈមនៃសន្ដិសុខឥណ្ឌូប៉ាស៊ីហ្វិក
២៖ ការទប់ស្កាត់វិបត្ដិកូរ៉េខាងជើង
៣៖ ការរៀបចំសណ្ដាប់ធ្នាប់សន្ដិសុខអាស៊ី ដែលកំពុងវិវត្ដន៍
៤៖ វិសាលភាពថ្មីនៃភេរវកម្ម និងការប្រឆាំងភេវកម្ម
៥៖ ការលេចឡើងនូវរបាំងសម្រាប់កិច្ចសហប្រតិបត្តិការសន្ដិសុខតំបន់

ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងជួបសម្ដែងការគួរសម ជាមួយលោក Ng Eng Hen រដ្ឋមន្ដ្រីការពារជាតិ នៃសាធារណរដ្ឋសឹង្ហបុរី និងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី Ana BIRCHALL ឧបនាយករដ្ឋមន្ដ្រីរ៉ូម៉ានី សម្រាប់កិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្ដ្ររ៉ូម៉ានី៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន៖