(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីរបបសន្តិសុ​ខសង្គម ដើម្បីលើក​កម្ពស់ដល់ជីវភាព និង​ការគាំពារសុខភាពរបស់កម្មករ ដើម្បីកំណត់អំពីបែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព និងនិរន្តរភាព។

សិក្ខាសាលានេះ ធ្វើឡើង​ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ដែលមា​​នការចូលរួមពីលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអ្នកចូលរួមជាង២០០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។

លោក អ៉ិត សំហេង បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីផ្តល់នូវរបបសន្តិសុខសង្គម រួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនីកម្មភាពការងារ ក្នុងនោះផ្នែកនីកម្មភាពការងារ គឺជាសមិទ្ធផលដ៏ថ្មីសន្លាងមួយ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។

លោកបានបន្តថា សេចក្តីព្រាងច្បាប់នេះ ពិតជាឧបករណ៍គតិយុត្តដ៏សំខាន់មិនអាចខ្វះបាន ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងបានជំរុញថ្នាក់ដឹកនាំ នៃ ប.ស.ស ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរថែមទៀត លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក៏ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុទ្ធនានាពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តច្បាប់ថ្មីនេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាពបំផុត។

ជាមួយគ្នានេះដែរលោក អ៊ុក សមវិទ្យា ក៏បានលើកឡើងដែរថា សិក្ខាសាលានេះ ត្រូវ​បានរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យ​បានគ្រប់ជ្រុងជ្រោយ ក្នុងន័យបំពេញបន្ថែ​មចំណុចណាមួយ នៃសេចក្តីព្រាងច្បា​ប់ស្តីពីរបបសន្តិសុខសង្គម ឱ្យស្របទៅតាមស្ថានភាពសង្គម និងសេដ្ឋកិច្ច​ដែល​កំពុងអភិវឌ្ឍន៍​ឆ្ពោះទៅមុខយ៉ាងស្វាហាប់ ប្រកប​ដោយថាមភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លើសពីនេះទៀតនោះលោក ក៏បានបញ្ជាក់អំពីគោលបំណងលម្អិតនូវខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីកំណត់អំពីបែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គម ប្រកបដោយគណនេយ្យភាព និងនិរន្តរភាព ហើយច្បាប់នេះដែរ មានវិសាលភាពអនុវត្តចំពោះបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ផងដែរ៕