(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានហៅលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងរត់គេចខ្លួនពីការអនុវត្តច្បាប់នៅកម្ពុជា ទៅជ្រកកោននៅបរទេស គឺជាមនុស្សមានក្រយ៉ៅរត់រកគុក ឬក្រយ៉ៅជាប់គុក។

ការថ្លែងបែបនេះបានលើកឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយពេលលោក សម រង្ស៊ី ដែលកំពុងរុំស្រោបដោយទោសទណ្ឌតាមច្បាប់នៅកម្ពុជា បានធ្វើចលនាបំផុសមិនឲ្យប្រជាពលរដ្ឋកម្ពុជាទៅចូលរួមបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ មិនត្រឹមតែបំផុសប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតផ្ទុយនឹងច្បាប់នោះទេ លោក សម រង្ស៊ី ថែមទាំងណែនាំប្រជាពលរដ្ឋឲ្យយកថ្នាំលាបសក់ទៅលាបដៃបន្លំសាធារណជនថែមទៀតផង។

ការដែលបញ្ចេះប្រជាពលរដ្ឋឲ្យយកថ្នាំលាបសក់ទៅលាបលើម្រៀមដៃនេះ គឺជាទង្វើមួយនាំដល់ការប្រព្រឹត្តខុសនឹងច្បាប់របស់កម្ពុជា ហើយឈានទៅជាប់ទោសទណ្ឌផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការមិនទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមិនមានអ្វីជាបញ្ហាចោទនោះទេ ប៉ុន្ដែការណែនាំឲ្យពលរដ្ឋយកថ្នាំខ្មៅមកលាបដៃ គឺជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើរបស់លោក សម រង្ស៊ី កំពុងតែជំរុញឲ្យពលរដ្ឋឈានដល់ការប្រព្រឹត្ត​បទល្មើសតាមខ្លួន។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានផែនការថា ថ្ងៃបោះឆ្នោតអត់ទៅបោះឆ្នោតទេ តែយកថ្នាំលាបសក់យកមកលាបដៃ តើនេះជាអ្វី នេះជាការបង្កើតកំហុសផ្នែកព្រហ្មទណ្ឌ នៃការក្លែងបន្លំ [...] ​អាហ្នឹងមេបោក អាមេបោកវាបញ្ជាពីខាងក្រៅ អាមេគុកមកអប់រំមនុស្សនៅខាងក្នុង ឲ្យងាយជាប់គុកតាមវា។ ​អាម្នាក់ហ្នឹងវាពូកែខាងរកគុក បើវាមិនចូលគុកទេ គុកក៏ទៅរកវាដែរ។ ក្រយ៉ៅវាកើតមកជាប់គុកតែចឹង បើអ្នកជាប់គុក​ហើយ រត់គេចពីគុក អ្នកកុំចង្អុលអ្នកខាងក្នុងស្រុកជាប់គុក»។

សម្ដេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមថា «​ប្រជាពលរដ្ឋដែលត្រូវបានគេឃោសនាដើរខ្សិប ថា​មិនចាំបាច់ទៅបោះឆ្នោតទេ តែដើម្បីកុំឲ្យគេចំណាំថា យើងមិនបានទៅបោះឆ្នោត គឺត្រូវយកថ្នាំលាបសក់លាបដៃ។ នេះមិនអាចទៅបំភ័ន្ដបញ្ជីបោះឆ្នោតបានទេ អ្នកដែលទៅបោះ ទើបគេខ្វែងឈ្មោះ អ្នកអត់ទៅបោះគេអត់ខ្វែងឈ្មោះឲ្យទេ»

ពាក់ព័ន្ធ​ករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានបង្ហាញពីទិដ្ឋភាពច្បាប់ថា ការ​បន្លំ​ខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាចេតនាទុច្ចរិត ដើម្បីបង្កការភ័ន្តច្រលំ ទៅលើចំនួនពិតប្រាកដអ្នកដែលបានបោះឆ្នោត ដែលនាំឲ្យចំនួនអ្នកបោះឆ្នោត​ច្រើនជាងចំនួនសន្លឹកឆ្នោត ដែលបានបោះពិតប្រាកដ។

លោក គឹម សន្ដិភាពថា «​ការបន្លំថាខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាចេតនាទុច្ចរិតដើម្បីបង្កការភ័ន្តច្រលំ ទៅលើចំនួនពិតប្រាកដ អ្នកដែលបានបោះឆ្នោត ដែលនាំឲ្យចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនសន្លឹកឆ្នោតដែលបានបោះពិតប្រាកដ​។ ទង្វើ​នេះនឹងបង្កើតនូវការយល់ច្រលំថា ការបោះឆ្នោតមានភាពមិនប្រក្រតី ដែលនឹងបង្កឲ្យមានភាពវឹកវរក្នុងសង្គមមួយកើតឡើងបាន។ អំពើខាងលើនេះ ជាអំពើល្មើសច្បាប់ ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ព្រហ្មទណ្ឌ»

ពីលើវេទិកាសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់តិ៍នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់លោក សម រង្ស៊ី កុំព្យាយាមធ្វើសកម្មភាពទុចរិតរុញច្រានប្រជាពលរដ្ឋឲ្យជាប់ទោសតាមខ្លួន។

សូមបញ្ជាក់ថា រហូតមកដល់ពេលបណ្តឹងលើលោក សម រង្ស៊ី ដែលប្តឹងដោយមន្រ្តីសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងបណ្តឹងផ្សេងៗទៀត សរុបមិនតិចជាង ១០នោះទេ។ តាមរយៈបណ្តឹងទាំងនេះ លោក សម រង្ស៊ី ត្រូវប្រឈមការជាប់ទោសទណ្ឌជាច្រើ​ន ហើយបង់ប្រាក់ផាកពិន័យរាប់សិបលានរៀលផងដែរ៕