(សៀមរាប)៖ កម្លាំង​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ​សហការជាមួយកម្លាំងនគរបាល​អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ​ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ដែលបាន​ប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារ នៅសហរដ្ឋអាមេរិក។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ​ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

បើតាមលោកប្រធាននាយកដ្ឋាន ជនជាតិអាមេរិកដែលកម្លាំងជំនាញឃាត់ខ្លួន​ឈ្មោះ GILBERT MICHAEL GREENWOOD ​​កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ កាន់លិខិតឆ្លងដែនលេខ488043160 ពាក់ព័ន្ធបទល្មើស​រំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក ចាប់ខ្លួនតាមសំណើរផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា​។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានបញ្ជូន​ទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះ ទៅអនុវត្តតាមនីតិវិធីច្បាប់ បន្តនៅសហរដ្ឋអាមេរិក៕