(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បាន​នាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ នៅឃុំស្រែគរទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែរួមសុខ​រួមទុក្ខជាមួយបងប្អូន និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពិសេសគឺសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ បណ្តាញទឹក និងភ្លើង រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យដូចដែល​បានឃើញសព្វថ្ងៃនេះ។

លោកអភិបាលខេត្ត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំបង្កបង្កើនផល បញ្ជូនកូនទៅសាលារៀន ថែរក្សាសុខភាពឲ្យបានល្អ និងរាយការណ៍អំពីទុក្ខកង្វល់ បញ្ហាប្រឈម ឬសំណូមពរផ្សេងៗ ទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីធ្វើការដោះស្រាយជូន។​

លោក ម៉ុម សារឿន បានផ្ដាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខនេះ ឲ្យ​បានគ្រប់ៗគ្នាកុំខានឲ្យសោះ ពីព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនគ្រប់ៗរូប ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្ត ហើយជាពិសេសគឺបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានសុខសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសង្គមជាតិទាំងមូលមានភាពសម្បូរសប្បាយ។

គួរបញ្ជាក់ថា លោក ម៉ុម សារឿន ​តែងតែចុះផ្សា​ភ្ជាប់ជាប្រចាំជាមួយ​ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក​បាននាំយកអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៩១៥នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួនមួយ៕