(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី បានលើកទឹកចិត្តឲ្យនារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមអនុវត្តសកម្មភាពជួយដល់សង្គម និងបានប្រគល់នូវវិញ្ញាបនបត្រជ័យលាភីនារីឆ្នើមចំនួន ៦៤នាក់ផងដែរ។

ការប្រគល់វិញ្ញាបនបត្រនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍នារីឆ្នើមផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងទេសចរណ៍ និងលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាមួយវត្តមានចូលរួមពីនារីឆ្នើមផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចំនួន ២៧០នាក់ផងដែរ។

អង្គសិក្ខាសាលានេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់គុណភាព គុណតម្លៃ នៃស្នាដៃការងាររបស់ស្រ្ដី ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ឲ្យមានការរីកចម្រើនជាលំដាប់។ នេះក៏ជាវេទិកាដ៏មានសារសំខាន់សម្រាប់វាគ្មិន និងអ្នកពាក់ព័ន្ធដទៃទៀត ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នផ្សេងៗ អាចធ្វើការផ្លាស់ប្ដូរចែករំលែកនូវបទពិសោធន៍ សំដៅពង្រឹងចលនារបស់ស្រ្ដីឲ្យក្លាយជាដៃគូដែលមិនអាចខ្វះបានរបស់បុរស ទាំងក្នុងវិស័យសាធារណៈ និងឯកជន។

ជាងនេះទៅទៀត វាពិតជាបានបង្ហាញឲ្យឃើញថា នារីឯកជនក្នុងវិស័យទេសចរណ៍ បាននិងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឲ្យមាននិរន្តភាព និងបរិយាប័ន្ន។ ព្រមជាមួយគ្នានេះ ក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយឡែករបស់ក្រសួងទេសចរណ៍ក្នុងការបង្កើតទំព័រថ្មី «តម្លៃស្រ្ដីក្នុងវិស័យទេសចរណ៍យុគសម័យតេជោ» ដែលបានកសាងស្នាដៃលេចធ្លោរនៅក្នុងការងារ ផ្ទុយពីផ្នត់គំនិតមនុស្សក្នុងសង្គមមួយចំនួនដែលនៅមើលឃើញ និងឲ្យតម្លៃទាបនៅឡើយ។

លោក ជា បូរ៉ា បានឲ្យដឹងថា ដើម្បីធានាកំណើនទេសចរនៅម្ពុជា នារីឯកជនក្នុងវិស័យទេសចរណ៍ ត្រូវបន្តការយកចិត្តទុកដាក់លើគោលដៅចម្បង២ គឺការបង្កើននូវភាពប្រកួតប្រជែងលើសេវាកម្មទេសចរណ៍ ប្រកបដោយស្មារតីលើកកម្ពស់សីលធ៌មសង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងការធានាឱ្យបាននូវនិរន្តរភាព និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។ ត្រូវបន្តរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមនានាទាក់ទងនឹងទេសចរណ៍ ព្រមទាំងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយរួមគ្នាស្តីពី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ់» និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ»។

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការកើនឡើងនៃទេសចរពិភពលោក ទេសចរអន្តរជាតិដែលបានមកកាន់កម្ពុជាក៏មានការកើនឡើងជាលំដាប់ដែរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង គិតត្រឹមរយៈពេល៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៧លាននាក់ ក្នុងកំណើន ១៣.៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដោយបាននាំមកនូវប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ បង្កើតឱកាសការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត ដោយក្នុងនោះកម្លាំងជាស្ត្រីមានប្រមាណ ៦០%៕