(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឃៀង វុទ្ធី នាយករងមន្ទីរពេទ្យព្រះកេតុមាលា ទទួលបន្ទុកផ្នែករូបភាពវេជ្ជសាស្ត្របានបញ្ជាក់ថា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយអន្តរាគមន៍ (Interventional Therapy) នៅមន្ទីរពេទ្យព្រះកេតុមាលា ត្រូវបានលើកកម្ពស់ ដោយមានការជួយពីក្រុមវេជ្ជបណ្ឌិតយោធាចិន មកពីមន្ទីរពេទ្យឆាងជឹង សៀងហៃ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាទី២។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា នៅពេលនេះលោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត FAN Li កំពុងតែធ្វើការជាមួយគ្នា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលា។

លោកវេជ្ជបណ្ឌិតបានថា បច្ចុប្បន្នអគាររូបភាពវេជ្ជសាស្ត្រ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ត្រូវបានបំពាក់ដោយ ម៉ាស៊ីនស៊ីធី ១២៨ស្លាយ (NeuViz128 MDCT), ម៉ាស៊ីនស៊ីធី១៦ស្លាយ, ម៉ាស៊ីនMRI, ម៉ាស៊ីនថតកំហាប់ឆ្អឹង និងម៉ាស៊ីនថតឌីជីថល់ជាដើម។
NeuViz128 MDCT គឺជាម៉ាស៊ីនស៊ីធីស្កែន (CT scanner) ដំបូងបំផុត និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។

លោកថា ម៉ាស៊ីននេះមានតួនាទី ដ៏មានអនុភាពសម្រាប់ស្កែន និងវិភាគរូបភាពក្រោយដំណើរការថតឆ្លុះ, បរិមាណវិភាគ (quantitative) និងមុខងារជាច្រើនអាចត្រូវបានអនុវត្ត។ អំឡុងពេល៣ ខែចុងក្រោយនេះ អ្នកជំងឺជិត៥០០នាក់ ត្រូវបានគ្រូពេទ្យបញ្ជូនមកធ្វើស៊ីធីស្កែន។

លោកវេជ្ជបណ្ឌិតបន្តថា ដោយមានជំនួយពីលោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត FAN Li កិច្ចការមួយចំនួនត្រូវបានអនុវត្តនៅកម្ពុជា រួមមាន ការថតលំហូរសរសៃឈាមខួរក្បាល (CT Brain perfusion), ការថតសរសៃឈាមបេះដូង (Coronary Artery Angiography), វាយតម្លៃការស្ទះសរសៃឈាមបេះដូង (Coronary Artery Calcium Scoring) និង ការចម្រោះរកជំម្ងឺធំៗ ៣មុខតាមការថតស៊ីធីទ្រូង (Chest CT Big 3 disease screening)។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា ក៏មានការជឿជាក់ផងដែរថា អគាររូបភាពវេជ្ជសាស្ត្រនឹងកាន់តែប្រសើរឡើង ដើម្បីការពារសុខភាព នាយទាហាន ពលទាហានព្រមទាំងសាធារណជនផងដែរ៕