(កណ្តាល)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិសោធនកម្មច្បាប់ស្ដីពីការងារកំណត់ឲ្យបណ្តារោងចក្រនានា ត្រូវដោះស្រាយប្រាក់អតីតភាពការងារជូនកម្មករ-កម្មការិនី ៦ខែម្ដង ដើម្បីជៀសវាងបញ្ហាថៅកែរត់ចោលរោងចក្រ គេចពីការទទួលខុសត្រូវលើប្រាក់អតីតភាពរបស់កម្មករ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី១៦,៤៧៤នាក់ មកពីរោងចក្រសហគ្រាសចំនួន១០ នៅស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

បញ្ហាថៅកែរត់ចោលរោងចក្រ ដោយមិនបើកប្រាក់បៀវត្សរ៍ ប្រាក់អត្ថប្រយោជន៍ និងប្រាក់អតីតភាពការងារជូនកម្មករ-កម្មការិនីនេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីអះអាងថា ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយធ្លាក់មកលើរាជរដ្ឋាភិបាល ដែលបញ្ហានេះបានកើតមាន និងមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ច្បាប់ទាក់ទងជាមួយនឹងផលប្រយោជន៍របស់កម្មករ ដែលមុននេះថៅកែតែងជំពាក់កម្មកររាប់ឆ្នាំ អំពីប្រាក់អត្ថប្រយោជន៍ និងប្រាក់អតីតភាពការងារ។ ម្ដងនោះខ្ញុំបានបើកឲ្យ នៅរោងចក្រមួយនៅខេត្តកណ្ដាល មានរហូតដល់ទៅ ១២លានដុល្លារអាមេរិក ក្នុង១២លានដុល្លារនោះ យើងពិនិត្យឃើញថា បើនិយាយពីប្រាក់ខែទៅវិញតិចតូចណាស់ ប៉ុន្តែបែរជាប្រាក់អត្ថប្រយោជន៍វាធំពេក កម្មករ-កម្មការិនីខ្លះបានរហូតដល់ទៅ ២ម៉ឺនដុល្លារ ខ្លះ ១ម៉ឺនដុល្លារ ខ្លះ៧-៨ពាន់ដុល្លារ ដូច្នេះបានសេចក្ដីថា យើងបណ្ដោយទុកឲ្យជំពាក់កម្មករយូរពេក ដល់ទៅពេលម្ចាស់រោងចក្រដួលរលំ ទម្ងប់អំរែកទាំងប៉ុន្មានធ្លាក់មកលើរាជរដ្ឋាភិបាលទាំងអស់។ អ៊ីចឹងទេ ក្នុងខែ៦នេះ (ខែមិថុនា) ច្បាប់នឹងត្រូវធ្វើវិសោធនកម្ម ៦ខែត្រូវបើកជូនម្ដង មិនត្រូវឲ្យជំពាក់យូរទេ»

សម្ដេចប្រមុខក៏បានអំពាវនាវ ដល់ម្ចាស់រោងចក្រទាំងឡាយ ត្រូវអនុវត្តតាមបទប្បញ្ញត្តិទាំងនោះឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យបន្ទុកទាំងនោះធ្លាក់លើរាជរដ្ឋាភិបាលតែម្នាក់ឯង និងដើម្បីបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនផងដែរ។

រដ្ឋាភិបាល​កម្ពុជា​ កាលពីមីនា ឆ្នាំ២០១៨កន្លងទៅ បាន​ធ្វើ​បុរេ​ប្រទាន​ជា​ទឹកប្រាក់​ប្រមាណ ​៤.៦​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដោះ​ស្រាយ​ជូន​កម្មករ​ជាង ​៤​ពាន់​នាក់ ដែល​ថៅ​កែ​រត់​ចោល។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រសួងការងារបានរកឃើញរោងចក្រចំនួន៩ ដែលត្រូវថៅកែរត់ចោល ហើយមិនបើកប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ ក៏ដូចជាប្រាក់អតីតភាពការងារជូនកម្មករ។

ក្នុងនោះកម្មករ-កម្មការិនីចំនួន ៤រោងចក្រ បានទទួលថវិការបស់ខ្លួនរួចហើយ។ តែ៥រោងចក្រទៀត ក្រសួងមិនទាន់បើកជូនទេ ដោយសារកំពុងប្រមូលទិន្នន័យពាក់ព័ន្ធមួយចំនួន៕