(ព្រះសីហនុ)​៖​ រូបភាពវីដេអូស្ដីពីសកម្មភាពស្ត្រីម្នាក់ ​យកសំរាមទៅចាក់បង្ហូរលើដងផ្លូវតាមទឹកភ្លៀង​ ខណៈមេឃកំពុងធ្លាក់ភ្លៀងនៅកណ្ដាលក្រុងព្រះសីហនុ ហើយត្រូវបានអ្នកជិតខាង ថតបង្ហោះរិះគន់តាមហ្វេសប៊ុកនោះ ឥឡូវត្រូវបានមន្ត្រីបរិស្ថានតាមស្វែងរកឃើញ និងកោះហៅមកសួរនាំ និងធ្វើការអប់រំកុំអោយប្រព្រឹត្តនូវទង្វើខាងលើបែបនេះតទៅទៀត។

សកម្មភាពស្ត្រីយកសំរាមទៅចាក់បង្ហូតាមផ្លូវថ្នល់ ពេលមេឃកំពុងធ្លាក់ភ្លៀងនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩​ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយគេស្គាល់ឈ្មោះ ដា រ៉ែន អាយុ២៩ឆ្នាំ មានទីលំនៅក្រោយផ្សារមាន់ សង្កាត់លេខ៤ ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ស្ត្រីខាងលើបានយកសំរាម ដែលគទុកនៅមុខផ្ទះរបស់ខ្លួន ទៅចាក់បង្ហូតាមទឹកភ្លៀង ដែលហូរតាមថ្នល់ជាតិនៅមុខផ្ទះរបស់ខ្លួន ធ្វើអោយអ្នកជិតខាងឬអ្នកដំណើរជ្រក ភ្លៀងឃើញនូវរូបភាពមិនសមរម្យនេះ ក៏យកទូរស័ព្ឌដៃ ថតជាវីដេអូរួចហើយបង្ហោះតាមហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងខ្លាំង ហើយក៏មានអ្នកចូលលែក ស៊ែរ និងខំមិន ជាច្រើនផងដែរ។

ក្រោយមកត្រូវបានខាងមន្ត្រីបរិស្ថាន មើលឃើញក៏តាមរកទីតាំង និងស្ត្រីខាងលើឃើញទាំងយប់ ហើយនាំខ្លួនយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់នូវសកម្មភាព មិនល្អដែលនាំអោយប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធលូបង្ហូទឹកស្អុយ សោភ័ណភាពទីក្រុងបែបនេះតទៅទៀត ហើយស្ត្រីខាងលើក៏ទទួលស្គាល់កំហុស និងសុំទោសទើបអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ៕