(កំពង់ចាម)៖ ដោយ​បានការ​អនុញ្ញាត​ពី​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត ​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បាន​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សំខាន់ៗ​ ដែល​ត្រូវ​អនុវត្ត​​ចំពោះ​មុខ​ក្នុង​កិច្ច​ដំណើរការ​ រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​។​

កិច្ចប្រជុំនេះដឹកនាំដោយ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម និងមានការចូលរួមពី ​លោក​ លោកស្រី​ស្នងការ​រង ​លោក​អនុប្រធាន​ផែន​ជំនាញ​ លោក​ លោកស្រី​ នាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ លោក​អធិការ​ អធិការរង​នគរបាល​ស្រុក​ ក្រុង​ទាំង​១០​ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៩​ ទូ​ទាំង​ខេត្ត​ សរុប​ចំនួន​២៩២​នាក់​​។

ថ្លែងក្នុងឱកាស លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ដាច់ខាតត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការពារឲ្យខាងតែបាន នូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលទាំងអស់ត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានសភាពការណ៍អ្វីកើតឡើង ត្រូវតែរាយការណ៍ជាបន្ទាន់មកថ្នាក់លើ ដើម្បីមានវិធានការបង្ក្រាប ឬទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕