(ព្រះវិហារ)៖​​ លោក ហោ ប៊ុនហ៊ូរ អតីតអភិបាលរងស្រុក ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុករវៀង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលាស្រុករវៀង ខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុករវៀង ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

សូមបញ្ជាក់ថាអភិបាលស្រុករវៀង ដែលប្រកាសតែងតាំងឲ្យចូលកាន់តំណែង នៅថ្ងៃនេះគឺលោក ហោ ប៊ុនហ៊ួរ អតីតអភិបាលរង ស្រុករវៀង ចំណែកអភិបាលស្រុករវៀងចាស់ លោក អ៊ុង វុឌ្ឍី ត្រូវបានចូលនិវត្តន៍ ជាមួយគ្នានេះក៍មានការតែងតាំងលោក មុយ វុន ជាអភិបាលរងស្រុកផងដែរ។

ស្ថិតក្នុងឱកាសនោះលោកអភិបាលខេត្ត អ៊ុន ចាន់ដា បានថ្លែងនូវកិច្ចស្វាគមន៍ចំពោះការចូលកាន់តំណែងអភិបាល អភិបាលរងស្រុករវៀង នៅពេលនេះ។ ជាមួយគ្នានេះផងដែរ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នា សាមគ្គីគ្នា ដើម្បីដឹកនាំការងារក្នុងស្រុកឲ្យទទួលបានជោគជយ័ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ ឲ្យមានប្រសិទ្ធិភាពពិសេស គឺការយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ខាងមុខនេះ ឲ្យបានល្អ ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អផងដែរ៕