(តាកែវ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានប្រាប់ទៅកងកម្លាំងនគរបាលទាំងអស់ ក្នុងក្របខ័ណ្ឌស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវតែខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាប់រាល់គ្រប់បទល្មើសទាំងអស់ ក្នុ​ងមូលដ្ឋានរបស់ខ្លួនឲ្យខាងតែបាន។

នាយឧត្តមសេនីយ៍អគ្គស្នងការរង ក៏បានជំរុញកម្លាំងទាំងអស់ត្រូវបន្ដផ្សព្វផ្សាយនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសការងារបម្រើសេវា សាធារណៈ​ជូនប្រជាពលរដ្ឋ និងឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត មកលើកងកម្លាំងនគរបាល ដែលជាអ្នកអនុវត្តច្បាប់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អថែមទៀត។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ប៉ែន វិបុល ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសំណេះសំណាល ប្រកាសតែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរ ជូនមន្ដ្រីនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលស្រុកត្រាំកក់, ស្រុកសំរោង, ស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍។

បន្ថែមពីនេះអគ្គស្នងការរង​ ក៏បានប្រាប់ទៅកាន់មន្ដ្រីនគរបាលដែលទើបតែទទួលបានភារកិច្ចថ្មី មុខតំណែងថ្មី ត្រូវបំពេញកិច្ចការងារទៅតាមភារកិច្ចរបស់ខ្លួន មិនត្រូវយកអំណាចទៅគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់នោះទេ៕​