(ភ្នំពេញ)​៖ កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាស ពាក់ព័ន្ធទៅនឹងការយកពន្ធ ​ក្នុងវិស័យភាពយន្ត ខណៈដែលការផលិតខ្សែ​ភាពយន្ត​ ក្នុងប្រទេសកម្ពុជា​ នៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញ ជុំវិញរឿងរ៉ាវទាំងនេះ ត្រូវបានអ្នកដឹកនាំសម្ដែង និងជាតារាកំប្លែង លោក ពែកមី បានលើកយកមកនិយាយ នៅក្នុងថ្ងៃបើកសម្ពោធ រឿង «ចិញ្ចៀនខ្មោច» នាល្ងាចថ្ងៃទី២៨ ខែឧសភានេះ ដោយលោកធ្វើការសំណូមពរ ដល់រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សុំផ្ដល់ឱកាសឲ្យផលិតករ គ្រប់រូប​បានស្រោចស្រង់ ខ្សែភាពយន្តឲ្យរឹងមាំបន្តិចសិន ចាំគិតគូរពីការបង់ពន្ធ ចូលរដ្ឋ។

នាថ្ងៃបើកសម្ពោធ នៃការដាក់បញ្ចាំង រឿង​ «ចិញ្ចៀនខ្មោច» វណ្ណកម្មថ្មីរបស់ផលិតកម្ម LD Picture នាយ ពែកមី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា លោកសូមសំណូមពរ ដល់ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សុំជួយពន្យាការកាត់ពន្ធ១០ឆ្នាំ ដើម្បីឲ្យផលិតករ មានលទ្ធភាព ផលិតរឿងបន្តទៀត។ ការផលិតកុនចំណាយអស់ច្រើន ខណៈដែលការគាំទ្រ​ ចូលទស្សនាខ្សែភាពយន្ត នៅមានកម្រិតតិចនៅឡើយ ពោលគឺផលិតករត្រូវចំណាយអស់ ទៅលើពន្ធផង ការចំណាយទៅលើតួអង្គនីមួយៗ​ផង ហើយនៅពេលដែលអ្នកចូលទស្សនា មានចំនួនតិច ផលិករខាតបង់ច្រើន ដូច្នេះផលិតករ មិនចង់ផលិតរឿងទៀតនោះទេ។ ចំណែកឯ សិល្បករ-សិល្បការិនី ដែលមានអាជីព ជាអ្នកសម្ដែង ក៏គ្មានការងារធ្វើបន្តទៀតដែរ។ ដូច្នេះ​លោកចង់សំនូមពរដល់ក្រសួង ចាំបន្តិចទៀត ចាំមើលខ្សែភាពយន្ត រឹងដៃរឹងជើង មានលំនឹង ជាងនេះ​ចាំកាត់ពន្ធ ក៏​មិនទាន់ហួសពេលដែរ។

ដោយឡែក បើក្រឡេក​មកចាប់អារម្មណ៍ ចំពោះខ្សែភាពយន្ត រឿង​ ​«ចិញ្ចៀនខ្មោច» ​ត្រូវបានអ្នកដឹកនាំសម្ដែង ​លោក ពែក មី បានបញ្ជាក់ទៀតថា ​នៅពេលថត គឺជួបប្រទះ​ផលលំបាកជាច្រើន ជាពិសេសឈុតកូនស្រីរបស់លោក ប្រថុយនឹងគ្រោះថ្នាក់ច្រើន មានដូចជា​ឈុតចងក ព្យួរលើបង្អួច លោតពីលើផ្ទះ លោតក្នុងទឹកបឹង​ ក្នុងអាកាសធាតុត្រជាក់ ម៉ោង៤ទល់ភ្លឺ ជាដើម ជាហេតុធ្វើឲ្យលោកយល់ឃើញថា ភាពយន្តនេះ នឹងមានទស្សនិកជនគាំទ្រច្រើន​ជាមិនខាន ព្រោះអ្នកគាំទ្រ ចង់ឃើញឈុតលំបាកៗទាំងនោះ។

យ៉ាងណាមិញ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លី​ដា​ បានបន្ថែមទៀតថា លោក​បាន​ចំណាយ​ទុន​ច្រើន ​ក្នុង​ការ​ផលិត​រឿង «ចិញ្ចៀន​ខ្មោច»នេះ ដើម្បី​សម្រិត​សម្រាំង​ឲ្យ​មាន​គុណ​ភាព​ល្អ​ ស្រប​តាម​ស្តង់​ដា និង​តម្រូវទៅតាមចិត្តមហាជន ជាពិសេសយុវវ័យ។ ក្រៅ​ពី​ភ័យ​លស់​ព្រលឹង​ កំប្លែង​សើច​ចុក​ពោះ​ រឿង​នេះ​ក៏​បង្កប់​អត្ថន័យ​អប់​រំ ​កុំ​ឲ្យ​លោភ​លន់​យក​ទ្រព្យ​សម្បត្តិ​អ្នក​អ្នក​ដទៃផង។ ​ខ្សែ​រឿង​នេះ ​នឹង​បញ្ចាំង​ជូន​ទស្សនា​ តាម​រោង​ភាព​យន្ត​​​ទូ​ទាំង​រាជ​ធា​នី​ភ្នំ​ពេញ​ នៅ​ថ្ងៃ​៣១ ខែ​ឧសភា ខាង​មុខ​នេះ​៕​​​​​​​​​​​​​​​​​​​​​​