(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល ប្រើប្រាស់ Drone ដើម្បីឈានដល់ការបើកប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងបៀរ អាប៉ោង ធំមួយកន្លែងនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយឃាត់ខ្លួនមនុស្សបាន៦នាក់ និងដកហូតវត្ថុតាងបានមួយចំនួនធំ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភាម្សិលមិញ ដោយកម្លាំងជំនាញទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មាន​លេងល្បែងស៊ីសង (អាប៉ោង) នៅ​ចំណុចផ្ទះឈ្មោះ ប៉ែន ថុល (ម្ចាស់ផ្ទះ) អាយុ៤៧ឆ្នាំ ពេលនោះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្ដាល បានចុះទៅដល់កន្លែងកើតហេតុ បង្រ្កាបបានជនសង្ស័យ០៦នាក់។

បើតាមលោកស្នងការ ជនសង្ស័យទាំង០៦នាក់ដែលបានឃាត់ខ្លួន ទី១៖ឈ្មោះ ស៊ិន គុន ​អាយុ​៦៦ឆ្នាំ, ទី២៖ឈ្មោះ សុខ ជា ​អាយុ​៥០ឆ្នាំ, ទី៣៖ឈ្មោះ ដង យ៉ឹងហ្វាង អាយុ​៤៩ឆ្នាំ, ទី៤៖ឈ្មោះ ផល ស៊ីដារ៉ា ​អាយុ​៣០ឆ្នាំ, ទី៥៖ឈ្មោះ ឆាយ ហុក ​​អាយុ​៤០ឆ្នាំ និងទី៦៖ឈ្មោះ ឆោម ឆៃយ៉ា ​​អាយុ​៣៥ឆ្នាំ។

លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា វត្ថុតាងចាប់យករួមមាន មេអាប៉ោង០៨ និង​ប្រដាប់ខាតជើងអាប៉ោង​០១សន្លឹក២, គម្រប០១, កម្រាលអាប៉ោង០១, ទូរស័ព្ទដៃ​០៧គ្រឿង SAMSUNG J7 ពណ៌ស០១​គ្រឿង, iPhone 6plus ពណ៌ប្រផេះ០១គ្រឿង, iPhone 6 ពណ៌មាស០១គ្រឿង, Metfone ពណ៌ខ្មៅ០១គ្រឿង, Alcatel ពណ៌ខ្មៅ០១គ្រឿង, Nokia ពណ៌ខ្មៅ០២គ្រឿង, ​លុយដុល្លារ ៨៧៥ដុល្លារ, លុយខ្មែរ ៣,៧០០,០០០រៀល, ឡាន០២គ្រឿង ម៉ាកបាឡែន ស្លាកលេខ​ភ្នំពេញ 2V-7570 ពណ៌ស្ករ ម៉ាកឆ្លាម ស្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។

ក្រោយប្រតិបត្តិការជនសង្ស័យ០៦នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង​ការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការ​តាមនីតិវិធី៕